
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បន្ទប់ ៥៥០ (ជាន់ទី៥) ទីស្តីការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្តីពីករណីស្នើសុំដោះដូរទីតាំងដីពន្ធនាគារខេត្តកណ្តាល និងទីតាំងដីស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
កិច្ចប្រជុំករណីស្នើសុំដោះដូរទីតាំងដីពន្ធនាគារខេត្តកណ្តាល និងទីតាំងដីស្នងការដ្ឋាននគរបាលខេត្តនេះ ប្រព្រឹត្តទៅក្រុមវត្តមាន នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ, ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្ត, ប្រធានពន្ធនាគារខេត្ត អគ្គក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
តាមបាយការណ៍របស់អង្គការលីកាដូចេញកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ឱ្យដឹងថាពន្ធនាគារខេត្តកណ្តាល មានភាពចង្អៀតណែនជាងគេ ដោយមានជនជាប់កំពុងឃុំប្រមាណ ជាង ៣ ៩០០ នាក់ នៅក្នុងទំហំពន្ធនាគារ ដែលអាចដាក់បានត្រឹមតែ ៦០០ នាក់ ប៉ុណ្ណោះ ដែលធ្វើឱ្យពន្ធនាគារនេះ មានអត្រាដាក់ជនជាប់ឃុំដល់ទៅជាង ៦៥០ ភាគរយ។ កន្លងទៅដោយសារភាពចង្អៀតណែន ពន្ធនាគារខេត្តកណ្ដាល បានផ្ទេរអ្នកទោសទៅកាន់មណ្ឌលយុវនីតិសម្បទានក្នុងខេត្ត ឬពន្ធនាគារផ្សេង ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនេះ។
ចំពោះការដោះទីតាំងដីពន្ធនាគារខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនទាន់ដឹងពេលណាឱ្យពិតប្រាកដនោះទេ។ ករណីការស្នើសុំដោះដូរនេះ ត្រូវបានអ្នកពាក់ព័ន្ធ និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានប្រជុំពិភាក្សាគ្នាច្រើនលើកមកហើយ៕

