
ប៉េកាំង៖ បន្ទាប់ពីព្យុះត្រូពិច Danas បានវាយប្រហារលើ កោះតៃវ៉ាន់ អមជាមួយខ្យល់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់ និងមនុស្សជាង ៦០០ នាក់ទៀត រងរបួសនោះ ពេលនេះ ព្យុះត្រូពិច មួយនេះ បានធ្វើដំណើរបោកបក់មកកាន់តំបន់សមុទ្រភាគខាងកើតរបស់ប្រទេសចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា នេះ។
តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី៨ ខែកក្កដា នេះបានឲ្យដឹងថា អាជ្ញាធរក្នុងខេត្ត Zhejiang នៃប្រទេសចិន បានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗ នៅព្រឹកថ្ងៃអង្គារនេះ ដោយអ្នកព្យាករណ៍រំពឹងថា នឹងមានភ្លៀងធ្លាក់ពី ១០០ ទៅ ២៥០ មីលីម៉ែត្រ ដែលនឹងវាយប្រហារលើចម្ងាយ ៦៥០ គីឡូម៉ែត្រ ដោយលាតសន្ធឹងពីទីក្រុង Fuzhou នៃខេត្ត Fujian ទៅកាន់ទីក្រុង Hangzhou នៃរដ្ឋធានី Zhejiang ។
គួរបញ្ជាក់ឲ្យដឹងថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីអាកាសធាតុ។
បញ្ហាអាកាសធាតុ ដែលកើតមាននៅប្រទេសចិន វាបានបង្កឲ្យមានហានិភ័យ ដែលក្នុងមួយឆ្នាំៗបានបំផ្លាញសកម្មភាពពាណិជ្ជកម្មរាប់សិបពាន់លានដុល្លារ ដោយសារទឹកជំនន់ទីក្រុង សកម្មភាពដឹកជញ្ជូនទំនិញ និងដីដំណាំត្រូវបានបាក់ស្រុតជាដើម អំឡុងពេលភ្លៀងធ្លាក់ជាដើម៕

