2025-07-08 09:49
13

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានចាត់ការតាមនីតិវិច្បាប់ដោយតម្រូវឱ្យ ក្រុមហ៊ុន ជុងបាវ ZHONGBAO ( ហ្វូជៀន FUJIAN) ហ្វូត សាយអេន អេន ធិចណូឡូជី ខូ អេលធីឌី FOOD SCIENCE & TECHNOLOGY CO., LTD. បញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់។

ក្រុមហ៊ុន ZHONGBAO (FUJIAN) FOOD SCIENCE & TECHNOLOGY CO., LTD. គឺជាប្រភេទរោងចក្រ កែច្នៃផ្លែឈើគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (អតីតត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ក្រុមហ៊ុនមួយនេះ បានបង្កការបំពុលបរិស្ថាន ពីសកម្មភាពបញ្ចេញសំណល់រាវ បំពុលទឹកអូរចោត ដែលក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា ១៥៩, មាត្រា ១៦០, មាត្រា ២៨៧, មាត្រា ៦៨៩, មាត្រ ៨៤៤, មាត្រា ៨៤៥, មាត្រា ៨៤៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, មាត្រា ៤, មាត្រា ៦ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, មាត្រា ៩ ថ្មី នៃអនុក្រឹត្យស្តីពីការកែសម្រួល មាត្រា ៤, មាត្រា ៩, មាត្រា ១១, មាត្រា ១២, មាត្រា ១៣, មាត្រា ១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការបំពុលទឹក។

ជាមួយគ្នានេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ 

ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ជាធរមានបន្ថែមទៀត៕