2025-07-17 09:47
16

កំពង់ស្ពឺ៖ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយករដ្ឋមន្ត្រី ស្ដីពី «យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទីតាំងបើកល្បែងស៊ីសងខុសច្បាប់មានលក្ខណៈជាកាស៊ីណូមួយកន្លែង និងមានលួចបង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ «Online Scams» ត្រូវបានកម្លាំងគណៈបញ្ជាឯកខេត្តកំពង់ស្ពឺ ចុះបង្ក្រាប ឃាត់ខ្លួនជនជាតិចិន បានចំនួន ៦៣នាក់ ដើម្បីនាំមកសាកសួរតាមនិតិវិធីច្បាប់។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងល្បែងស៊ីសង និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ ធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មានអគារស្នាក់នៅ ចំនួន ៩ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបានរកឃើញជនជាតិបរទេស សរុបចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៤នាក់។ 

ក្នុងរង្វង់នៃប្រតិបត្តិការនេះ ប្រជាពលរដ្ឋបានឃើញជនជាតិចិនរាប់សិបនាក់ នាំគ្នារត់ចេញយ៉ាងប្រសាចចេញពីទីតាំងឆបោកតាមប្រព័ន្ធអនឡាញនេះ ខ្លះធ្លាក់ ខ្លះដួល និងខ្លះទៀត រត់កាត់បឹងស្រែបាតជើងសព្រាត ដូចសត្វស្រមោចចេញពីរុន្ធ។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

សូមរំឭកថា បន្ទាប់រាជរដ្ឋាភិបាល បានសង្កេតឃើញថា “បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ ហៅថា ONLINE SCAMS បាន និងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់”។ ដោយឡែកនៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរនោះ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាម៉ឺងម៉ាត់បំផុតទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឱ្យអនុវត្តនូវ «យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ប្រមុខរដ្ឋាភិបាល ក៏បានព្រមានចំពោះបុគ្គលណាមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយត្រូវដកចេញពីមុខតំណែង ប្រសិនរកឃើញមានយកលុយយកកាក់ បញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់តាមច្បាប់ដោយគ្មានការលើកលេងឡើយ៕