
ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក គ្រី សីហា ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេច ផ្អាកមុខងារបណ្តោះអាសន្ន ដោយសាថ្លើមធំរហ៊ានដោះលែងជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ «ONLINE SCAMS» ប្រឆាំងទៅនឹងបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងយុទ្ធនាការបោសម្អាតបទល្មើបច្ចេកវិទ្យាក្របខណ្ឌទូទាំងប្រទេស។
នាយប់ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន របស់លោក ត្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ចំពោះការសម្រេចផ្អាកមុខងារបណ្តោះអាសន្ន លោក ត្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ធ្វើឡើងតាមបទបញ្ជាចាត់វិធានដ៏ម៉ឺងម៉ាត់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបែកធ្លាយ និងចែករំលើបណ្តាញទំនាក់ទំនងសង្គមនៅយប់ថ្ងៃពុធនេះ។
តាមសារសំឡេងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ខណៈអភិបាលខេត្តដឹកនាំយុទ្ធនាការនេះ ស្រាប់តែមានព្រះរាជអាជ្ញារងមួយរូប ទៅដោះលែងជនដែលប្រព្រឹត្ដបទល្មើស ខ្ញុំឲ្យក្រសួងយុត្ដិធម៌ ចាត់ចែងជាបន្ទាប់ទាំងយប់ដោយមិនចាំបាច់រងចាំថ្ងៃស្អែកនោះទេ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា៖ «បើសិនជារកឃើញថា ព្រះរាជអាជ្ញារងមួយរូបនោះ មានការយកលុយយកកាក់ពីជនប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សូមឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវចាត់វិធានការភ្លាមផងដែរ»។
សូមជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «ONLINE SCAMS» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងយុទ្ធនាការបោសម្អាតបទល្មើសឆបោកតាមអនឡាញ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅទីតាំងផ្ទះជួល ១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៩នាក់៕

