
ពោធិ៍សាត់៖ មនុស្សប្រុស-ស្រី ចំនួន ០៥ នាក់ ដែលមានការពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលត្រូវបានលោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចដោះលេងឱ្យមានសេរីភាព ដោយភាពមិនប្រក្រតីនោះ ត្រូវបានសមត្ថកិច្ចនគរបាលតាមឃាត់ខ្លួនមកវិញហើយ។
គិតត្រឹមថ្ងៃព្រហស្សត្តិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ មនុស្សប្រុស-ស្រីទាំង៥នាក់ ក្រោយពេលតាមចាប់ខ្លួនយកមកវិញ កម្លាំងសមត្ថកិច្ចកំពុងសាកសួរទៅតាមនិតិវិធីច្បាប់។
ចំណែកលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលជាអ្នកដោះលេងជនសង្ស័យទាំង៥នាក់ បន្ទាប់ពី ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកការងារបណ្ដោះអាសន្ន ពី «ព្រះរាជអាជ្ញារង» ដើម្បីបើកផ្លូវឱ្យក្រុម អធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយបលកការស្រាវជ្រាវ និងស៊ើបអង្កេតកំពុងដេកមិនលក់ បក់មិនហើយភ័យបុកពោះ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដាម្សិលមិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាប់ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា «Online Scams» នៅថ្មដា ស្រុកវាលវែង តាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្សប្រមាណ ៣០នាក់ ក្នុងនោះ មនុស្ស ចំនួន ០៥នាក់ ត្រូវបានលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់សម្រេចដោះលេង ដោយភាពមិនប្រក្រតីក្រោយមានការដោះលេងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីរឿងមិនប្រក្រតីនេះ ភ្លាមៗនោះ នាយករដ្ឋមន្ត្រីបានចេញបទបញ្ជាបន្ទាន់ទាំងយប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យពិនិត្យ ស្រាវជ្រាវរឿងនេះភ្លាម ដោយមិនរងចាំទុកចាំស្អែកនោះឡើយ ហើយបើរកឃើញមានពាក់ព័ន្ធការយកលុយយកកាត់ជាថ្នូរនឹងការដោះលេងជនសង្ស័យ សម្តេច បញ្ជាឱ្យអង្គភាព ACU មានវិធានភ្លាមផងដែរគ្មានការលើកលេងទេ។
សូមបញ្ជាក់ថា បន្ទាប់មានបទបញ្ជាដ៏ម៉ឺងម៉ាត់ និងតឹងរឹងរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានចេញសេចក្តីសម្រេចផ្អាកការងារ លោក គ្រី សីហា ពីព្រះរាជអាជ្ញារងទាំងយប់ ដើម្បីបើកផ្លូវឱ្យអធិការកិច្ច និង ACU ស៊ើបអង្កេតលើករណីមិនប្រក្រតីនេះ៕


