
ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី Bridgette L.Walker ភារធារីស្តីទី នៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅវិមានព្រឹទ្ធសភា ដោយសម្តេចតេជោ បានស្នើឱ្យសហរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពីសំណាក់កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួបលោកស្រីភារធារី និងសហការីជាថ្មីនាពេលនេះ និងត្រៀមជជែកអំពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ជាពិសេស្ថានភាពចុងក្រោយនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលសហរដ្ឋអាមេរិកដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកស្រី Bridgette L.Walker ភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងប្រារព្ធនូវការអបអរសាទរខួប៧៥ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។
ចំណុចសំខាន់ដែលលោកស្រី Bridgette L.Walker ជជែកពិភាក្សាជាមួយសម្តេចតេជោអំពីការវិវឌ្ឍថ្មីៗចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហានេះ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីភារធារីស្ថានទូតអាមេរិក អំពីសាវតារនៃជម្លោះព្រំដែនកម្ពុជា និងថៃដែលមានកន្លងមក ក៏ដូចជាស្ថានការណ៍ដែលបានវិវឌ្ឍន៍ចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយពីមានបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «បទឈប់បាញ់មិនអាចកើតមានឡើយ បើគ្មានការចូលរួមចំណែក ឬចាត់វិធានការដោះស្រាយទាន់ពេលវេលាពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទេនោះ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រៃលែងចំពោះរដ្ឋបាលរបស់អាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានចាត់វិធានការ និងដោះស្រាយទាន់ពេលវេលាក្នុងជម្លោះរវាងកម្ពុជា និងថៃ ហើយបទឈប់បាញ់ដែលផ្តួចផ្តើមគំនិតដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួយដល់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត។
សម្តេចតេជោបានប្រាប់លោកស្រី Bridgette L.Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយបានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍ចុងក្រោយអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេស សកម្មភាពរាយបន្លាលួសតាមព្រំដែនពីសំណាក់កងទ័ពថៃ ដោយសម្តេចតេជោ ស្នើឱ្យសហេរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់បានពេញលេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «កម្ពុជា បានអត់ធ្មត់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២ឥ២៥ កន្លងទៅ។ ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដូចមុនពេលមិនទាន់មានវិវាទ»។
នាឱកាសនោះ លោកស្រីភារធារី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការពន្យល់ដោះក្បោះក្បាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកស្រី បានបញ្ជាក់ថា «សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក រ៉ូប៊ីអូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន ក៏ដូចជាបញ្ហាប្រឈមនានារវាងកម្ពុជា និងថៃ ខ្លាំងណាស់ ទាំងលោកប្រធានាធិបតីត្រាំ និងរដ្ឋមន្ត្រីការបរទេស បន្តតាមដានជាប់ជាប្រចាំ និងជិតបំផុតអំពីបញ្ហានៃជម្លោះព្រំដែននេះ»។
លោកស្រី បានបញ្ជាក់ទៀតថា «ជំហររបស់អាមេរិកផ្ទាល់ គឺចង់ឃើញស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃតែម្តង»។ លោកស្រីភារធារីរបស់ស្ថានទូតអាមេរិក ក៏បានបញ្ជាក់បន្ថែមទៀតថា «អាមេរិក ចង់បន្តតួនាទីដោយស្ថាបនាក្នុងការដោះស្រាយបញ្ហាជម្លោះនេះជាមួយកម្ពុជា»។
លោកស្រី Bridgette L.Walker បានអះអាងថា «លោកស្រីបន្តខិតខំប្រឹងប្រែងជំរុញ ដើម្បីធ្វើយ៉ាងណាឱ្យលេចចេញជារូបរាងនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដូចទៅនឹងអ្វីដែលភាគីកម្ពុជា និងថៃបានឯកភាពក្នុងកិច្ចព្រមព្រៀងឈប់បាញ់»។
ឆ្លៀតក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួសមនុស្សធម៌ដល់ជនភៀសសឹករបស់កម្ពុជានាពេលកន្លងទៅ។ ក្រៅពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រីភារធារី ក៏បានជជែកពីជនអន្តោប្រវេសន៍របស់កម្ពុជាលើទឹកដីអាមេរិកផងដែរ។ លោកស្រីភារធារីស្ថានទូតអាមេរិក បានស្នើសម្តេចតេជោជួយសម្របសម្រួលសម្រាប់ការបញ្ជូនជនអន្តោប្រវេសន៍កម្ពុជា ត្រឡប់មកកម្ពុជាវិញ។
សម្តេចតេជោ បានជម្រាបថា សម្តេចនឹងប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលយកប្រជាពលរដ្ឋខ្មែរដែលត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកវិញ។ សម្តេចតេជោ បានគូសរំលេចដែរថា «បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះឡើយ ហើយកម្ពុជា បានប្រកាន់ជំហរទទួលយកពលរដ្ឋខ្មែរត្រឡប់មកពីអាមេរិកវិញ តាំងពីពេលសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ៕

