
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថាវត្តមានលោកសាស្ត្រាចារ្យបណ្ឌិតនាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យាក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
លោកសាស្ត្រាចារ្យបណ្ឌិត បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲឱ្យលោក និងសហការីបានជួបសម្តែងការគួរសមនៅពេលនេះ។ លោកបានលើកឡើងថា នេះជាលើកទី១សម្រាប់លោកដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយក៏បានឃើញពីភាពរីកចម្រើនរបស់កម្ពុជាផងដែរ។ លោកធ្លាប់បានដឹងពីប្រវត្តិរបស់ប្រទេសកម្ពុជាដែលធ្លាប់បែកបាក់ ធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយលោកមិនគួរឲ្យជឿសោះថា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំកម្ពុជាឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ច រហូតមានការរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្ដុះបណ្ដាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកបានបញ្ជាក់ទៀតថា គម្រោងរបស់លោក នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការក្នុងការបណ្ដុះបណ្ដាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា ។ សម្ដេចតេជោបានលើកឡើងទៀតថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោងរបស់លោកសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ឲ្យកាន់តែមានភាពរីកចម្រើន។
សម្តេចតេជោ បានប្រាប់លោកសាស្ត្រាចារ្យ ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន ។
ជាមួយគ្នានេះក្រៅពីពិភាក្សាផ្នែកវិទ្យាសាស្រ្ត លោកសាស្ត្រាចារ្យបានឆ្លៀត ចោទសួរដោយស្នើឱ្យសម្ដេចតេជោ ចែករំលែកទាក់ទងទៅគន្លឹះក្នុងការដឹកនាំប្រទេសចេញពីសង្គ្រាមបែកបាក់ មកមានការឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍ពីប្រវត្តិនៃការខិតខំអភិវឌ្ឍឱ្យប្រទេសជាតិពីបាតដៃទទេ រួមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសន្តិភាពនៅឆ្នាំ១៩៩៨ ជាពិសេសទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រោយកម្ពជាមានសន្តិភាព ឱ្យមានការរីកចម្រើន។ លោកសាស្ត្រាចារ្យក៏បានស្ដាប់ដោយយកចិត្តទុកដាក់ និងកោតសរសើរនូវការពលីកម្មនិងគតិបណ្ឌិតរបស់សម្តេចតេជោ ជាពិសេសនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ៕
_1757395224.jpg)


