
ក្រចេះ៖ ជនស៊ីវិលមួយក្រុមជិះរថយន្តចំនួន ០២ គ្រឿង ប្រដាប់ដោយអាវុធបានធ្វើសកម្មភាពបាញ់ជាច្រើមគ្រាប់ ដើម្បីគំរាមប្រជាពលរដ្ឋបើកគោយន្តកន្ត្រៃដឹកឈើក្រហមប្រមាណ ២០សន្លឹក ដើម្បីទុកធ្វើផ្ទះ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ខណៈមានការអះអាងថា ក្នុងចំណោមជនអនាធិបតេយ្យមានបាញ់បោះបង់គ្មានញញើតច្បាប់ មានខ្លះជាកូនចៅរបស់លោកព្រះរាជអាជ្ញាខេត្តក្រចេះ។
ករណី ជនស៊ីវិលបាញ់បោះសេរីគំរាមកំហែងពលរដ្ឋបើកបរគោយន្តកន្ត្រៃដឹកឈើអារខាងលើ បានកើតឡើងនៅចំណុច «ស្គរ» ក្នុងភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅយប់រំលងអាធ្រាត្រថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
តាមពលរដ្ឋជាម្ចាស់គោយន្តកន្ត្រៃដឹកអនុផលព្រៃឈើ បានអះអាងប្រាប់សមត្ថកិច្ចថា «មានមនុស្សមួយក្រុម បានជិះរថយន្ត ចំនួន ០២ គ្រឿង ដេញតាមគោយន្តកន្ត្រៃដឹកឈើរបស់គាត់ និងបានដកកាំភ្លើងបាញ់គំរាមជាច្រើនគ្រាប់ និងប្រើអំពើហិង្សាលើព្រូគោយន្ត និងដាក់ខ្នោះថែមទៀត»។
ម្ចាស់គោយន្តដឹកឈើបានបន្ថែមទៀតថា គាត់បានបើកគោយន្តដឹកឈើចេញពីចំណុច សណ្ដាយ ប្រមាណជាង ២០សន្លឹក ដើម្បីយកមកធ្វើផ្ទះនៅក្នុងឃុំដា ស្រុកចិត្របុរី។ ខណៈពេលកំពុងបរនៅតាមផ្លូវមានរថយន្ត ចំនួន ០២ គ្រឿង ម៉ាក លុចស៊ីស 470 ពាក់ស្លាកលេខ ភ្នំពេញ 2F-9979 មួយគ្រឿង និងលុចស៊ីស RX-300 ពណ៌ស មួយគ្រឿងទៀត គាត់ស្គាល់ថាជា «កូនចៅរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ» បានតាមពីក្រោយធ្វើឱ្យគាត់ភ័យពេកក៏បើករាងលឿន ហើយក៏ឮសំឡេងផ្ទុះអាវុធ រួចក៏មានរថយន្តលុចស៊ីស 470 មកឈប់មុខគោយន្ត ទើបគេចធ្លាក់បុកលូនៅចិញ្ចើមផ្លូវតែម្តង។
លុះក្រោយមកឃើញមានមនុស្សមួយក្រុមមានគ្នាប្រមាណ ៥ទៅ៦នាក់ បានចុះពីក្នុងរថយន្តដកកាំភ្លើងវែងខ្លី បាញ់គំរាម ចំនួន ០៣ គ្រាប់ ក្បែរជើងរបស់គាត់ដោយភ័យពេកក៏រត់ចូលទៅក្នុងព្រៃ រីឯព្រូគោយន្តត្រូវមនុស្សមួយក្រុមនោះចាប់ប្រើអំពើហិង្សា និងដាក់ខ្នោះតែម្ដង។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះទៅដល់កន្លែងកើតហេតុ និងបានកំពុងបើកការស្រាវជ្រាវលើករណីផ្ទះអាវុធលើពលរដ្ឋនេះ ក្នុងនោះ សមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះ និងសាក្សីមួយចំនួនផងដែរ។
ដោយឡែកមើលការខុសត្រូវថ្នាលបណ្ដុះកូនឈើខ្សា បានឲ្យដឹងថា ពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះ «កម្លាំងកូនចៅរបស់លោកព្រះរាជអាជ្ញាបានយកទៅផ្ញើទុកនៅថ្នាលបណ្ដុះកូនឈើខ្សា កាលពីយប់មិញ»៕


