2025-09-12 09:36
11

ខេត្តក្រចេះ÷  សមត្ថកិច្ចខេត្តក្រចេះកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុម ដែលបានធ្វើសកម្មភាពបាញ់បោះជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើរគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើនឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃចំនួនពីរនាក់បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង២០កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោង ១១:០០ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិចពួកគាត់ក៏ចេញមើលឃើញមានមនុស្សចំនួន៤ប្រាំនាក់ ដែលមានរថយន្តលុចស៊ីស470 មួយគ្រឿង និងរថយន្តលុចស៊ីស 300 ពណ៌សមួយគ្រឿង តែពួកហ៊ានចេញទៅមើលទេ ។

ដោយឡែកប្រភពពីក្រុមជនរងគ្រោះបានឲ្យដឹងថាពួកបានដឹកឈើជាង២០កន្ទុយពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុ ក្រុមបក្សពួកជនស៊ីវិលមួយក្រុម ជិះរថយន្តម៉ាក lexus 470 ពណ៌ស្ករមួយគ្រឿងវគ្គស្លាកលេខ ភ្នំពេញ២F9979 និងរថយន្តlexus 300 ពណ៌ស មួយគ្រឿងទៀតបានធ្វើសកម្មភាព ដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន ។

ប្រភពបន្តថា ខណះពួកគេ ដេញតាមក៍បានដកកាំភ្លើងខ្លីមួយដើមនិងកាំភ្លើងវែងមួយដើមទៀតធ្វើសកម្មភាពបាញ់ស្រោចមកលើគោយន្តកន្ត្រៃរបស់ពួកគាត់កំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឲ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួន បន្តរដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើករថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចក្រឡាប់នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏បានរត់គេចខ្លួនបានម្នាក់និងម្នាក់ទៀតក៏ត្រូវបានក្រុមជនស៊ីវិលនោះចាប់វាយនឹងកាំភ្លើងហើយជាន់ក៏វាយខ្នោះ  ចាប់ពីម៉ោង 11:00 យប់រហូតដល់ម៉ោង២រំលងអាត្រាធទើបដោះលែងខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើរួចក៏បានដោះលែងឲ្យត្រឡប់ទៅនៅឋានវិញនៅពេលទៀបភ្លឺ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០២៥នេះកម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ក៏បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវពិនិត្យនៅលើទីចំណុចទីតាំងកើតហេតុ ក៏រកឃើញសំបកកន្ទុះគ្រាប់កាំភ្លើង ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះដើម្បីកសាងសំណុំរឿងបញ្ឈួនទៅថ្នាក់លើ  ។   ដោយឡែកប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងថាពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះត្រូវបាន កម្លាំងកូនចៅរបស់ព្រះរាជអាជ្ញា យកទៅផ្ញើទុកនៅថ្នាលបណ្ដុះកូនឈើខ្សា កាលពីយប់មិញ ។

ករណីនេះមិនមែនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកទៅចាប់នោះទេ ហើយរហូតដល់ម៉ោងនេះក៏មិនទាន់បានប្រគល់ទទួលពីស្ថាប័នណាដែរ ។ ពាក់ព័ន្ធនឹងករណីនេះលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានបដិសេធថា មិនមែនកូនចៅរបស់លោកទេ។