2025-09-17 20:42
65

ភ្នំពេញ៖ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូនលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន លោក ស៊ី ជើងពឹង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក អង់តូនីញ ហ្គោ តេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។

តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោកទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។

ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងប្រដាប់អាវុធថៃ បានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់ របាំងឃាំង ចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅដ៏យូលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ពលរដ្ឋខ្មែរ ចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃ ក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀត នាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង ១ ០០០ នាក់។

ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបានយោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីនៅទីតាំង ចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០00 គូសជាឯកតោភាគី ដែលផ្ទុយពីផែនទី ខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈឆ្នាំ ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងមានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។

សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈឆ្នាំ២០០០ អាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង...ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ

វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃ លើទឹកដីកម្ពុជា គឺជាការរំលោភលើអធិ​បតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា។

ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំប្រធាន អាស៊ាន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកទាំងអស់ជួយគាំទ្រដល់ការជំរុញឱ្យមាន៖ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់​បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាននៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និង ពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។ ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។ ការររុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជា ពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅ មិនទាន់បានដោះស្រាយបញ្ចប់។ ការបញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលចេញរួចហើយអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីរបស់ពួកគេវិញ។ ការបញ្ឈប់ការប្រើប្រាស់ ឬគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ឧណ្ឌសីមាព្រំដែន ជាឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ពោលគឺគណកម្មការឧណសមានព្រំដែនគោក និងគណកម្មាធិការព្រំដែនទូទៅ បន្តធ្វើការងារដោយសន្តិវិធី ផ្អែកលើមូលដ្ឋានកិច្ច ព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ និងការដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ និងការធ្វើមាតុភូមិនិវត្តន៍យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងទាំងអស់៕