2025-09-18 11:15
9

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១៧ កញ្ញា នេះ កងកម្លាំងចម្រុះរបស់ភាគីថៃ មានតម្រួតព្រំដែន ទាហានឈុតខ្មៅ ទាហានប៉ារ៉ា ប៉ូលិស និងប្រជាពលរដ្ឋថៃ ក្នុងស្រុកគោកធ្យូង ប្រមាណ ៣០០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ចំពាមកៅស៊ូ និងឧបករណ៍ប្រឆាំងបាតុកម្ម បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លុះរហូតដល់ម៉ោង ១៦និង២០នាទី កម្លាំងចម្រុះរបស់ថៃ បានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍បំពងសំឡេង កាំភ្លើងបាញ់ឧស្ម័នបង្ហូទឹកភ្នែក កាំភ្លើងបាញ់គ្រាប់ជ័រ មកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី បានចុះសង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចូលជាធរមាន បានធ្វើដំណើរចេញមិនបានប៉ុន្មាននាទីផង។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបែបនេះ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នាវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃពុធនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា៖ «ក្រុមយោធា និងប៉ូលិសបង្ក្រាបបាតុកម្មរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ត្រចៀក ប្រព័ន្ធខួក្បាល និងបង្កអំពើហិង្សាមកលើប្រជាពលរដ្ឋស្លូតត្រង់ដោយប្រើប្រាសើចំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងឧបករណ៍ប្រឆាំងបាតុកម្មផ្សេងៗទៀត បណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ចំនួន ២៨ អង្គ/នាក់ ដួលសន្លប់ និងរបួសធ្ងន់ស្រាល»។ 

លុះម៉ោង ១៩និង២០នាទីយប់ ក្រុមសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅដល់ទីតាំងភូមិព្រៃចាន់ ឃុំអូរ៣ជាន់ម្តងទៀត ដែលជាកន្លែងផ្ទុះការប៉ះទង្គិចគ្នាដែលបង្កដោយភាគីថៃ ដើម្បីពិនិត្យជាក់ស្តែង។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកទង្វើរបស់ភាគីថៃ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃការអនុវត្តបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC និង RBC នាពេលកន្លងមក។ ជាងនេះទៅទៀតការយកច្បាប់អាជ្ញាសឹក និងច្បាប់របស់របស់ប្រទេសថៃ មកអនុវត្តក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការបំពានធ្ងន់ធ្ងរលើអធិបតេយ្យរបស់កម្ពុជា និងច្បាប់អន្តរជាតិ រួមមាន៖ ធម្មនុញ្ញអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសាកលដទៃទៀត។

ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ នៅចំពោះមុខអំពើហិង្សា និងទង្វើខុសច្បាប់របស់ភាគីថៃ មកលើប្រជាពលរដ្ឋជាម្ចាស់ដី និងប្រជាពលរដ្ឋដទៃទៀត ដែលរួមគ្នាតវ៉ា និងឆ្លើយតបដោយសន្តិវិធី ដែលជាការស្តែងចេញពីការព្រួយបារម្ភ ផលប៉ះពាល់ ការគំរាមកំហែង នៃដាក់រាលលួសបន្លា និងប្រើប្រាស់កម្លាំងជាឯកតោភាគីរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បត្តិរបស់ពួកគាត់បានគ្រប់គ្រង និងអាស្រ័យផលជាយូលង់ណាស់មកហើយ។ 

ក្នុងហេតុការណ៍នេះ កងកម្លាំងចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធដែលកំពុងឈរជើងប្រចាំតំបន់នោះ ក៏មានវត្តមានក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងគោរពតាមគោលការណ៍ដែលបានឯកភាពគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

កម្ពុជា ស្នើឱ្យភាគីថៃ គោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (JBC) និងកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់ភូមិភាគ (RBC) ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាបន្តបន្ទាប់ចាប់តាំងបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង២៤និង០០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ជាពិសេសការព្រមព្រៀងគ្នាដូចមានចែងក្នុងកំណត់ហេតុរួមក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (JBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង តម្រូវឱ្យភាគីទាំងពីរចៀសវាងសកម្មភាពទាំងឡាយណាបង្កភាពតានតឹង ឬពង្រីកតំបន់ជម្លោះ។

ជាមួយគ្នានោះ កិច្ចប្រជុំលើកទី១ (JBC) បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន ទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដើម្បីពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី ការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។

ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (JBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ 

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕