
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ បានលើកឡើងថា៖ «ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា»។ ការលើកឡើងរបស់លោក ហ៊ុន ម៉ានីបែបនេះ បន្ទាប់ពីមានក្រុមជ្រុលនិយមជនជាតិមួយចំនួន បានយករូបភាពរបស់ម្តេចទៅធ្វើជាផ្ទាំងបាញ់ស៊ីប ដើម្បីយករង្វាន់ និងធ្វើជារូបទីងមោងជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សកម្មភាពនេះ គឺជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់ឱ្យច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។
លោកបានបន្ថែមទៀតថា ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីឱ្យប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយកិត្តិយស និងមុខមាត់របស់កម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថា ឆាកជីវិតរបស់ សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏សម្តេចតេជោ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាភាពថ្លៃថ្នូរ មិនធ្វើសកម្មភាពណាដែលជាការប្រមាថដូចអ្វីដែលប្រជាជនថៃមួយចំនួនតូចបានធ្វើកន្លងមកនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគោរព និងចូលរួមតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីភាពថ្លៃថ្នូរនៃប្រជាជាតិយើង។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់បញ្ហាព្រំដែនកម្ពុជាថៃ សូមបងប្អូនជនរួមជាតិ បន្តចូលរួមគាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។ ដូច សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាបន្តបន្ទាប់ កម្ពុជាចង់បានសន្តិភាព ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីផ្អែកលើការចរចា និងច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង។ ការអត់ធ្មត់របស់យើងជាជម្រើសយុទ្ធសាស្ត្រ និងល្អសម្រាប់យើងដែលអ្នកចង់បានសន្តិភាព។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ការគោរពចាស់ទុំ ជាពិសេស ឥស្សរៈជនដែលមានស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ គឺជាការគោរពមិនសាបសូន្យ សម្រាប់ខ្ញុំក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សនិងជាទស្សនៈរបស់ខ្ញុំក្នុងនាមជាប្រជាជនខែ្មរមួយរូប។ នេះជាទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យរបស់ប្រជាជាតិខ្មែរយើង»៕


