
ភ្នំពេញ៖ ទីបំផុត មេឈ្មួញនាំចូលសាច់បង្កក ក្លាស្សេពីបរទេស ជាពិសេសមានប្រភពមកពីប្រទេសថៃ មិនអនុឡោមតាមច្បាប់មកចែកចាយតាមបណ្តាខេត្តនានាទូទាំងប្រទេសដែលសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងកាលពីប៉ុន្មានថ្ងៃនេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម និងតាមត្រាស់ព្រះរាជបង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យបញ្ចប់គោរមងារ ជា «ឧកញ៉ា» ពីឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ។
ព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ជា «ឧកញ៉ា» ពីអតីតឧកញ៉ារូបនេះ គឺធ្វើឡើងតាមសំណើរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អតីតឧកញ៉ារូបនេះ ត្រូវបានគេហៅថា «ចែទូច» គឺជាមេឈ្មួញដ៏ធំប្រចាំរាជធានីភ្នំពេញ នាំចូលប្រហិត សាច់បង្កក សាច់មាន់ និងជង្គង់មាន់ រាប់សិបតោនពីប្រទេសថៃ ដែលត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបាននាពេលថ្មីៗនេះក្នុងឃ្លាំងចំនួន ០៣ ទីតាំង ក្នុងរាជធានីភ្នំពេញ។
សូមរំឭកថា កាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា «អត់ទំនិញគេមិនបាន»។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ”»៕



_1760109347.jpg)
_1760109354.jpg)