2025-10-14 09:40
10

សៀមរាប៖ កម្លាំងករាជអារវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំឆាប់ទុកចិត្តអ្នកមិនដែលស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ និងរបស់របរមានតម្លៃផ្សេងៗ។

តាមមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ០៩និង៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អាវុធហត្ថបានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) បង្កឡើងដោយជនសង្ស័យម្នាក់។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក CBR ហុងដា ០១ គ្រឿង ពណ៌ស ឆ្នាំ២០១៦ ស្លាកលេខបន្ទាយមានជ័យ 1N.2700 ប្រាប់ថា ទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានឱ្យសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។ 

បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ មានឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ ២០ឆ្នាំ និងម៉ូតូ ០១ គ្រឿង របស់ជនរងគ្រោះ នៅចំណុច លើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។  

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា «ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច»។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឲ្យត្រឡប់ទៅវិញ៕