2025-10-14 11:10
12

ទីក្រុងម៉ូស្គូ ក្តៅស្លឹកត្រចៀក បានបញ្ចេញសារគំរាមទៅសហរដ្ឋអាមេរិក ក្រោយបែកធ្លាយមានព័ត៌មានថា វ៉ាស៊ីនតោនកំពុងពិចារណាផ្ដល់មីស៊ីលបាញ់ពីដីរយៈចំងាយឆ្ងាយ ប្រភេទ Tomahawk ឲ្យអ៊ុយក្រែន ដើម្បីប្រើក្នុងការទប់ស្កាត់កងទ័ពរុស្ស៊ី គ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» បំផុត។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ការផ្ដល់អាវុធមានកម្លាំងបែបនេះ នឹងជាជំហាននៃការកើនកម្លាំងសង្គ្រាម និងអាចនាំឲ្យមាន «អវសានដ៏អាក្រក់សម្រាប់ទាំងអស់គ្នា»។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមថាប្រសិនបើអ៊ុយក្រែន ប្រើ Tomahawk វាអាចប៉ះពាល់ដល់សុវត្ថិភាពជាតិរុស្ស៊ី និងនឹងមានការឆ្លើយតបយ៉ាងរឹងមាំបំផុតទៅវិញ។ ខណៈរដ្ឋាភិបាលអាមេរិកថា ការផ្ដល់អាវុធបន្ថែមទាំងនេះ គឺដើម្បីជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែបញ្ជាក់ថា «នៅមិនទាន់មានការសម្រេចផ្លូវការទេ»។

សូមបញ្ជាក់ថា មីស៊ីល Tomahawk គឺជាមីស៊ីលបាញ់ពីដី ឬពីនាវា និងនាវាមុជទឹក ដែលផលិតដោយសហរដ្ឋអាមេរិក មានសមត្ថភាពខ្លាំង និងត្រូវបានប្រើក្នុងសង្គ្រាមជាច្រើន។ វាជាមីស៊ីល ប្រភេទ Cruise Missile មានភាពត្រឹមត្រូវខ្ពស់ និងអាចវាយប្រហារគោលដៅពីចម្ងាយឆ្ងាយ អាចបាញ់បានចំងាយប្រហែល ១,៦០០ គីឡូម៉ែត្រ គឺអាចឆ្លងប្រទេសមួយទៅមួយបាន, មានល្បឿន ប្រហែល ៨៨០ គីឡូម៉ែត្រ/ម៉ោង មានប្រសិទ្ធភាពសម្រាប់វាយប្រហារលើអគារយោធា អគារដ្ឋបាល ឬរចនាសម្ព័ន្ធយុទ្ធសាស្ត្រនានា ដោយបំពាក់ប្រព័ន្ធនាំផ្លូវ(Guidance) ប្រើ GPS, Inertial Navigation, និង Terrain Contour Matching (TERCOM) ដើម្បីចូលគោលដៅបានយ៉ាងត្រឹមត្រូវក្នុងចន្លោះ ៥-១០ ម៉ែត្រ, ក្បាលគ្រាប់ អាចជាក្បាលផ្ទុះធម្មតា (conventional) ឬនុយក្លេអ៊ែរ (nuclear variant)។

អ្នកវិភាគអន្តរជាតិនៅអឺរ៉ុប បានព្រមានថា «ប្រសិនបើសហរដ្ឋអាមេរិកផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ី អាចបង្កការតានតឹងថ្មី ក្នុងសង្គ្រាមអ៊ុយក្រែនកាន់តែខ្លាំង ដែលបានបន្តជាងពីរឆ្នាំមកហើយនោះ»៕