2025-10-15 10:07
10

ចិន៖ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងរដ្ឋធានីប៉េកំាង សម្ដេចរដ្ឋសភា ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ  លោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។

លោក ចាវ ឡឺជី  បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចរដ្ឋសភាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី និងបានឆ្លៀតពេលមមាញឹក ជួបពិភាក្សាការងារជាមួយលោកក្នុងឱកាសនេះ។ វត្តមានសម្តេចប្រធានរដ្ឋសភានៅពេលនេះ ពិតជាបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើងទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្ដេចរដ្ឋសភា ឃួន សុដារី បានចូលរួមសម្តែងការអបអរសាទរមិត្តចិន ដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានលោកប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល ដោយសម្រេចបានគោលដៅ ១០០ឆ្នាំទី១ នៅឆ្នាំ២០២១។ សម្ដេចប្រធានរដ្ឋសភាមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។

ថ្នាក់ដឹកនាំសភានៃប្រទេសទំាងពីរបានលើកឡើងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨មក ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ឆ្នាំនេះត្រូវបានកំណត់ជាឆ្នាំ “ផ្លាស់ប្តូរប្រជាជន និងប្រជាជន” ប្រទេសទំាងពីរបានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ 

សម្ដេចរដ្ឋសភា ឃួន សុដារី បានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងវិវត្តជាវិជ្ជមានប្រកបដោយផ្លែផ្កាជាលំដាប់ ដែលបង្ហាញពីភាពរឹងមាំឋិតថេរ នៃមិត្តភាពដែកថែប ដោយផ្អែកលើការទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា និងការផ្តល់ប្រយោជន៍រួម ដោយយកប្រជាជនជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានស្នើភាគីចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ និងស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ដល់ប្រជាពលរដ្ឋចិន និងជំរុញបន្ថែមវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសជំរុញសម្រេចឱ្យបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”៕