2025-10-18 11:44
14

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ជំរុញឱ្យ OHCHR ចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ពាក់ព័ន្ធនឹងការប្រើសំឡេងរំខានជាបន្តបន្ទាប់ក្នុងការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្តដល់ កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងជនងាយរងគ្រោះដទៃទៀត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
នៅព្រឹកសៅរ៍ ទី១៨ ខែតុលានេះ លោក កែវ រ៉េមី បានលើកឡើងថា «ប្រទេសថៃ កាន់តែគឃ្លើន បានប្រើប្រាស់ច្បាប់ព្រៃ មិនគោរពច្បាប់អន្តរជាតិ និងមើលងាយយន្តការអន្តរជាតិ។ ប្រសិនបើ OHCHR មិនមានវិធានការទាន់ពេលវេលា និងម៉ឺងម៉ាត់ទេ នោះអាចបណ្តាលឱ្យសហគមន៍អន្តរជាតិ បាត់បង់សេចក្តីទុកចិត្តលើច្បាប់ ក៏ដូចជាយន្តការអន្តរជាតិទាំងមូល»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីលើញត្តិបន្ទាន់ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃ ដោយប្រទេសថៃ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបានរាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ 

ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា «សំឡេងលើសពី ១៤០ ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែលកម្រិតឡើងដល់ ២០០ ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ»។ ដូច្នេះ រាល់ការប្រព្រឹត្តសកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅភូមិជោគជ័យ ជាពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។ សកម្មភាពអរិភាព និងបង្កហេតុទាំងនេះ គឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប “ច្បាប់ព្រៃ” ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាន យ៉ាងជាក់ស្តែងបំផុត។លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃ ធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែលបានបង្កើតឡើង ដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ។

គ.ស.ម.ក. បានកត់សម្គាល់ថា សូម្បីតែឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភា មន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថា “ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរ ជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)”។

គ.ស.ម.ក. អំពាវនាវដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់បណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថា «មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។

គ.ស.ម.ក. សូមគូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ចំពោះ និទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ។

បើទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រកាន់យកវិធានការមិនឆ្លើយតប ការគោរពចំពោះយន្តការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះនីតិរដ្ឋ ព្រោះការកើនឡើងនៃភាពតានតឹងនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជននៃប្រទសទាំងពីរ ជាពិសេសសិទ្ធិរស់រានមានជីវិត និងសន្តិសុខបុគ្គល។

គ.ស.ម.ក. នៅតែប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង OHCHR ព្រមទាំងសហការីក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់ទាំងអស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ៕