រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសកាលពីថ្ងៃសុក្រ ទី២៤ ខែតុលានេះថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ លើកទី១០ របស់ខ្លួនទៅលើនាវាដែលសង្ស័យថា មានផ្ទុកគ្រឿងញៀនពេញមួយយប់ ដោយបានសម្លាប់មនុស្ស ចំនួន ០៦ នាក់ និងនាំឱ្យចំនួនអ្នកស្លាប់នៃយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនកើនដល់ យ៉ាងហោចណាស់ ៤៦ នាក់។
នៅក្នុងការបង្ហោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Hegseth បាននិយាយថា «នាវានេះ ត្រូវបានបញ្ជាដោយក្រុមក្មេងទំនើង TREN de Aragua ហើយការវាយប្រហារបានកើតឡើងនៅក្នុងតំបន់ការ៉ាប៊ីន (Caribbean) ស្ថិតនៅចន្លោះអាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ការវាយប្រហារតាមអាកាសរបស់អាមេរិក បានកើនល្បឿនយ៉ាងច្រើន ពីការវាយប្រហារមួយក្នុងរៀងរាល់ពីរបីសប្ដាហ៍នៅខែកញ្ញា មកដល់បច្ចុប្បន្ន ដែលមានរហូតដល់បីដងក្នុងមួយសប្ដាហ៍។ ការវាយប្រហារពីរនៅសប្ដាហ៍នេះ ក៏បានអនុវត្តនៅតំបន់ប៉ាស៊ីហ្វិកខាងកើត (Eastern Pacific) ផងដែរ បង្ហាញពីការពង្រីកវិស័យប្រតិបត្តិការរបស់កងទ័ពអាមេរិក។
នៅក្នុងការបង្ហោះរបស់គាត់ លោក Hegseth បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយបានអួតថា “វាគឺជាលើកដំបូង ដែលធ្វើឡើងនៅពេលយប់”។
លោក Hegseth បាននិយាយនៅក្នុងការបង្ហោះថា «ប្រសិនបើអ្នកជាឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀន ដែលរត់ពន្ធដោយក្រុមណាកូ-ភេរវករនៅក្នុងតំបន់របស់យើង យើងនឹងចាត់ទុកអ្នកដូចយើងចាត់ទុកក្រុមភេវករអាល់កៃដាមិនថាថ្ងៃ ឬយប់ទេយើងនឹងធ្វើផែនការតាមប្រមាញ់ និងកម្ទេចចោល»៕






