2025-10-28 12:06
7

ឧត្តមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤ របស់ព្រះរាជាណាចក្រកម្ពុជា និងកងទ័ពនៃយោធភូមិភាគទី២ របស់ប្រទេសថៃ បានជួបប្រជុំជាមួយអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observers Team - AOT) នៅតំបន់ច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។

កិច្ចជួបប្រជុំនេះ មានបំណងពិនិត្យស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែន ការអនុវត្តន៍តាមកិច្ចព្រមព្រៀងសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងបរិបទមានការរីកចម្រើននៃសន្តិភាព និងស្ថិរភាពតំបន់។

សូមជម្រាបថា ដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម» ដែលគេហៅថា ជា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី។ នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។

«កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ»  ត្រូវបានចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងតួនាទីស្នូលរបស់ លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងរៀបចំឱ្យកិច្ចព្រមព្រៀងនេះឡើង៕