2025-10-30 12:40
7

អាស៊ែបៃហ្សង់៖ ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា៖ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម នាំឱ្យមានគំនិតថា «អំណាចក្លាយជាសិទ្ធិ អ្នកខ្លាំងអាចធ្វើអ្វីដែលពួកគេចង់ ខណៈអ្នកខ្សោយត្រូវតែរងគ្រោះដោយស្ងៀមស្ងាត់»។

លោក វង សូត បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ អនុប្រធានសភាកម្ពុជា ក៏បានសម្តែងការស្ងើចសរសើរចំពោះការដឹកនាំដ៏អង់អាចក្លាហានរបស់ លោកប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំខាន់នៅលើឆាកអន្តរជាតិ។ 

អនុប្រធានទី២ រដ្ឋសភា បានជម្រាបទៅកាន់អង្គសន្និសីទទាំងមូលថា៖ «កម្ពុជា និងអាស៊ែបៃហ្សង់ មានប្រវត្តិសាស្ត្រស្រដៀងគ្នាក្នុងការតស៊ូស្វែងរកសុខសន្តិភាព និងឯករាជ្យភាពជាតិ ដោយបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ទម្រាំទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ»។ 

លោក វង សូត បានសង្កត់ធ្ងន់ថា ពាក្យ “អរគុណសន្តិភាព” បានក្លាយជាគុណតម្លៃពុំអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ខខ្មែរ ដែលគេតែងនិយាយទូទាំងប្រទេស។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់ពិភពលោក មានការប្រែប្រួល ធ្វើឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា មិនខុសពីប្រមួយចំនួនទៀតទេ គឺកំពុងរងការគំរាមកំហែង និងរំលោភបំពានពីប្រទេសជិតខាង។ 

ឆ្លៀតក្នុងឱកាសនោះ  អនុប្រធានទី២ រដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណប្រធានាធិបតី ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួល និងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ បន្ទាប់ការផ្ទុះអាវុធរយៈពេល៥ថ្ងៃ និងការប្រឈមមុខគ្នាអស់ជាច្រើនខែ នៅតាមតំបន់ព្រំដែន។ 

លោកបានលើកឡើងទៀតថា «ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយមម នាំឱ្យមានគំនិតថា “អំណាចក្លាយជាសិទ្ធិ អ្នកខ្លាំងអាចធ្វើអ្វីដែលពួកគេចង់ ខណៈអ្នកខ្សោយត្រូវ តែរងគ្រោះដោយស្ងៀមស្ងាត់”។ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពហុភាគីនិយម ដែលផ្អែកលើច្បាប់ និងទប់ស្កាត់នូវគោលគំនិតទាំងឡាយណា ដែលគំរាមកំហែងដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់ប្រជាជាតិ និងប្រជាជនយើង»។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោក វង សូត គូសបញ្ជាក់នូវគោលការណ៍ដ៏សំខាន់ជូនអង្គសន្និសីទថា «រដ្ឋឯករាជ្យទាំងអស់ ទោះតូច ឬធំ  ខ្លាំង ឬខ្សោយ គឺមានកិត្យានុភាពស្មើគ្នានៅលើឆាកអន្តរជាតិ និងមិនគួរត្រូវបានរំលោភបំពាន ឬគំរាមកំហែង ពីរដ្ឋណាមួយផ្សេងឡើយ។ មានតែការគោរពឯករាជ្យភាព និងអធិបតេយ្យភាពគ្នាប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះធានាវឌ្ឍនភាពជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយសមភាព មិត្តភាព និងផលប្រយោជន៍រួម»៕