ថៃ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ បរិយាកាសនៅភូមិបានណងចាន់ និងភូមិលេខ៣ ឃុំណនម៉ាក់មួន ស្រុកខុកស៊ុង ខេត្តស្រះកែវ ប្រទេសថៃ មានសភាពវឹកវរ និងចលាចលជាខ្លាំង។ 
ដោយ លោក Wira Somkwamkit ប្រធានបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ បានដឹកនាំមនុស្សមួយក្រុម រួមជាមួយនឹងរថយន្ត Backhoe និងត្រាក់ទ័រចំនួន ៤គ្រឿង រៀបចំវាយកម្ទេច និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញ ដែលបុគ្គលរូបនេះស្រែកក្ដែងៗថា ជាទឹកដីរបស់ប្រទេសថៃមានផ្ទៃដី ៦៤ រ៉ៃ។
តាមការចេញផ្សាយដោយ Amarin Tv Online នៅថ្ងៃសុក្រនេះបានឲ្យដឹងថា នាវេលាម៉ោង ១៖០០ នាទីរសៀលនេះ លោក វីរ៉ា ប្រធានបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយថៃ កំពុងរៀបចំនាំយករ៉ឺម៉ក ដើម្បីកម្ទេច និងបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបុគ្គលរូបនេះប្ដេជ្ញាថា លោកនឹងអនុញ្ញាតឲ្យអាជ្ញាធរថៃចាប់ខ្លួន ប៉ុន្តែត្រូវបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះខាងលើជាមុនសិន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ុល ឧត្តមសេនីយ ថាវន ឌុលយ៉ាវិត ស្នងការនគរបាលខេត្តស្រះកែវ បានត្រៀមកងកម្លាំងក្នុងការទប់ស្កាត់ហ្វូងមនុស្សខាងលើដើម្បីកុំឲ្យចូលទៅកាន់តំបន់បាណងចាន់បន្តទៀត។ 
គួរបញ្ជាក់ឲ្យដឹងថា តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃខាងលើដដែល រហូតមកដល់វេលាម៉ោង ២រសៀលនេះ ក្រុមរបស់ លោក Weera Somkhamkit បានដឹកនាំហ្វូងមនុស្សដកថយចេញពីតំបន់បានណងចាន់ហើយ ក្រោមការគ្រប់គ្រងដោយកងកម្លាំងក្នុងតំបន់កំពុងវឹកវរខាងលើ៕




