2025-11-01 19:13
15

ឧត្តមានជ័យ៖ ការដកអាវុធធុនធ្ងន់មានការបំផ្លិចបំផ្លាញខ្លាំងរវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ បានចាប់ផ្តើមដោយភាគីទាំងពីរដំណាល់គ្នា នៅម៉ោង០៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ។

តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា ភាគីទាំងពីរនឹងដឹកជញ្ជូនអាវុធចេញពីព្រំដែនជម្លោះនៃជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។ សម្រាប់ការដកអាវុធធុនធ្ងន់ចេញពីព្រំដែននៃប្រទេសទាំងពីរ បានធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរផងដែរ។

ការចាប់ផ្តើមដំណាក់កាលទី១ នៃការកែសម្រួលអាវុធធុនធ្ងន់ដែលមានអនុភាពបំផ្លាញខ្លាំងនេះ គឺជាជំហានដំបូងសំខាន់ក្នុងការបញ្ចប់ជម្លោះ និងបង្កើនស្ថិរភាពនៅតំបន់ព្រំដែន កម្ពុជា-ថៃ ឡើងវិញ។ ភាគីទាំងពីរបានបង្ហាញពីការចង់បានសន្តិភាព និងសហការណ៍តាមបែបសន្តិភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ មេយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃដដែលនោះ។

សហប្រធានដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ៕