2025-11-02 15:05
14

មណ្ឌលគិរី៖ ព្រឹត្តិការណ៍ សម្លព្រូងបំពង់ប្ញស្សី ដែលរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត គឺជាកម្មវិធីដ៏ពិសេសមួយក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ 

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺ ថ្ងៃអង្គារ, ពុធ និងព្រហស្បតិ៍ ទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សម្លព្រូងបំពង់ប្ញស្សី គឺជាម្ហូបប្រពៃណីរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ វាត្រូវបានចម្អិនដោយដុតក្នុងបំពង់ឫស្សី ជំនួសការប្រើឆ្នាំង។ ម្ហូបនេះមានបន្លែចម្រុះដូចជា ត្រប់ពុតលំញង, ត្រួយល្បៅ, ត្រួយននោង, ស្លឹកបាស, ស្លឹកខ្ទី ជាដើម។ សាច់ និងបន្លែត្រូវញាត់ចូលទៅក្នុងបំពង់ឫស្សី រួចដាក់លើឈើដុតរហូតដល់ឆ្អិន។

  ព្រឹត្តិការណ៍នេះមានឈ្មោះពេញថា សម្លព្រូង ១,០០០ បំពង់ឫស្សី ដែលបង្ហាញពីការចម្អិនម្ហូបជាច្រើនបំពង់ក្នុងពេលតែមួយ ដើម្បីបង្ហាញអំពីវប្បធម៌ និងអត្តសញ្ញាណជនជាតិដើម។

ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់លោក លោកស្រី ចូលរួមក្នុង ព្រឹត្តិការណ៍ឱ្យបានច្រើនកុះករ៕