2025-11-02 15:11
15

ព្រះវិហារ៖ វេលាព្រឹកថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកានេះ ខេត្តព្រះវិហារ បានចាប់ផ្ដើមបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No to Fake News» ជាផ្លវការ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រេីនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

យុទ្ធនាការនេះត្រូវបានធ្វើពិធីប្រកាសបើក ក្រោមអធិបតីភាព លោក គឹម ចាន់បញ្ញា អភិបាលរង ខេត្តព្រះវិហារ   តំណាង លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត  នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្ត។ 

ក្រោយពិធីបើក អង្គពិធីទាំងមូលបានបន្តដង្ហែរក្បួនតាមដងផ្លូវសំខាន់ៗក្នុង ក្រុងព្រះវិហារ ដើម្បីផ្សព្វផ្សាយសារអប់រំ និងជំរុញការយល់ដឹងដល់សាធារណជនឱ្យរួមគ្នាទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានមិនពិត (Fake News) ព្រមទាំងលើកកម្ពស់ក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងការពិចារណាឱ្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មាន។

សូមជម្រាបថា ការរស់នៅក្នុងសង្គមឌីជីថល មនុស្សម្នាក់ៗចាំបាច់ត្រូវពង្រឹងខ្លួនឯងជាអ្នកប្រើប្រាស់ព័ត៌មាន ឆ្លាតវៃដែលមានទំនួលខុសត្រូវ ដោយប្រជាពលរដ្ឋម្នាក់ គឺជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ 

ទី១. បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន។

ទី២. កុំទាន់ជឿលើប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីព ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត។

ទី៣. លើកកម្ពស់សារៈសំខាន់ និងចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារ ផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។ 

ទី៤. ចែករំលែក ឬផ្សព្វផ្សាយតែ ព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃ សម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួន និងខ្លួនឯងផ្ទាល់៕