ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ១ ៨០០ នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី ក៏បានលើកពីសារៈសំខាន់ដែលផ្តើមចេញពីកត្តាគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាចទាក់ទាញជំនឿទុកចិត្តពីអ្នកវិនិយោគទុន បង្កើតការងារ រក្សាការងារ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះ បានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែង ចំនួនជាង ៣ ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅដល់ការបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។
កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារសរុបប្រមាណ ២៧ម៉ឺននាក់។
ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលយ៉ាងលឿន ជាពិសេសឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការលើកកម្ពស់ផលិតភាព ដោយប្រែក្លាយកម្លាំងពលកម្មជំនាញ និងមានផលិតភាពខ្ពស់ តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត។
លោករដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចការនេះ ឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។ នៅកម្រិតវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អៗ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។ នៅកម្រិតសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗជាអ្នកនាំមុខ ក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងភាពស្របគ្នាល្អ, ការធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅឱ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លើសពីនេះទៀត សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា។
ចូលរួមថ្លែងក្នុងពិធីបើកដ៏មានសារ:សំខាន់នោះផងដែរ រួមមាន លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ លោក ALBERT TAN អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងលោក គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្ហាញនូវការគាំទ្រ និងលើកឡើងនូវមតិយោបល់ដូចគ្នា ដើម្បីជំរុញនូវកំណើនឱកាសការងារ និងផលិតភាពការងារខ្ពស់នៅកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយ:ពេលពីរថ្ងៃនេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), និងដៃគូដែលមិនអាចខ្វះបាន គឺអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានការជួយឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ និងមានស្តង់ចំនួន ១៨៧៕










