សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបំពេញទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ) តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងជើង ដែលជាផ្នែកនៃការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញនេះ។ 
ការធ្វើទស្សនកិច្ចតំបន់គ្មានយោធា បានកើតឡើងមុនកិច្ចពិភាក្សាគ្នារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិ ដែលរំពឹងថានឹងពាក់ព័ន្ធនឹងគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្លាស់ប្តូរតួនាទីរបស់ កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េ។
លោក Hegseth បានចុះចតនៅតំបន់ព្រំដែន (DMZ) តាមឧទ្ធម្ភាគចក្ររបស់កងទ័ពសហរដ្ឋអាមេរិក ហើយបានជួបរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu – Back។ នេះបើយោងតាមវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង។
លោក Ahn បាននិយាយអំពីដំណើរទស្សនកិច្ចរបស់ លោក Hegseth ទៅកាន់តំបន់ DMZ ថា «មានសារៈសំខាន់ជានិមិត្តរូប និងជាសេចក្តីប្រកាសដែលបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងជំហរការពាររួមគ្នា»។
ប្រមុខការពារជាតិទាំងពីរគ្រោងនឹងបើកកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំ នៅថ្ងៃនេះ ដែលជាវេទិកាកម្រិតខ្ពស់បំផុត របស់ប្រទេសទាំងពីរ និងអំពីដំណើរនៃសម្ព័ន្ធភាពយោធារបស់ពួកគេ និងការការពាររបស់កូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា «លោក Ahn និង លោក Hegseth នឹងពិភាក្សាអំពីការត្រៀមខ្លួនការពារជាតិរួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើសន្តិសុខក្នុងតំបន់ និងការការពារតាមអ៊ីនធឺណិត និងមីស៊ីល»។ អ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសសន្តិសុខ និងការគំរាមកំហែងដោយការអភិវឌ្ឍសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាធ្វើឱ្យតួនាទីរបស់កងទ័ពអាមេរិក ចំនួន ២៨,៥០០ នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែមានភាពបត់បែន។
មន្ត្រីសហរដ្ឋអាមេរិក បានផ្តល់សញ្ញាអំពីផែនការមួយ ដើម្បីធ្វើឱ្យកងកម្លាំងរបស់ខ្លួនមានភាពបត់បែនជាងមុន ក្នុងប្រតិបត្តិការដែលមានសក្តានុពលនៅខាងក្រៅឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែទូលំទូលាយ។
កូរ៉េខាងត្បូងបានទប់ទល់នឹងគំនិតនៃការផ្លាស់ប្តូរតួនាទីរបស់កងទ័ពអាមេរិក ប៉ុន្តែ បានខិតខំបង្កើនសមត្ថភាពការពាររបស់ខ្លួន ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ជាមួយនឹងគោលដៅ ដើម្បីអាចទទួលយកការបញ្ជាក្នុងសម័យសង្គ្រាមនៃកងកម្លាំងរួមរបស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងមានកងទ័ព ចំនួន ៤៥ ម៉ឺននាក់។
កូរ៉េខាងត្បូង កំពុងរៀបចំផែនការបង្កើនថវិកាការពារជាតិដ៏ធំបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយនៅឆ្នាំ២០២៦ ដែលជាផ្នែកមួយ ដើម្បីរកដោះស្រាយការទាមទាររបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំណាយកាន់តែច្រើន សម្រាប់វត្តមានយោធាអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ៕





