ភ្នំពេញ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានជូនសាធារណជនជ្រាបថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ អភិសន្តិបណ្ឌិតជាអក្សរអង់គ្លេសថា «Sar Sokha» និងថែមទាំងដាក់រូបភាពរបស់លោកទៀតផង។
អ្នកនាំពាក្យ បន្ដថា តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថាជា «ក្រុមហ៊ុន OCIC»។ 
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំ ដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា»៕



