2025-11-06 09:54
5

ភ្នំពេញ៖  ក្នុងរយៈប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ថៃបានលើកឡើងតាមរយៈបណ្ដាញសារព័ត៌មានរបស់ខ្លួនជាហូរហែរ កំណត់ល័ក្ខខ័ណ្ឌដាក់សម្ពាធ ក្នុងចេតនាគំរាមគំហែងកម្ពុជា ទាមទារយកប្រសាទតាក្របី និងមិនដោះលែងវីរៈកងទ័ពកម្ពុជាជាដើម ។ 

 ចាប់តាំងពីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន លោក ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី កម្ពុជាបាននិងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។ 

ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនជម្លោះ  ធ្វើតាមដំណាក់កាល និងជំហានៗ  ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ កម្ពុជាថៃបានឯកភាពគ្នាក្នុងកិច្ចសហការ ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការដោះមីន ដើម្បីមនុស្សធម៌ជាដើម។  

ភាគីកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងដោយស្មោះត្រង់ក្នុងគោលបំណងរក្សា សន្តិភាពរវាងប្រទេសកម្ពុជានិងថៃ ក៏ដូចជាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជាប្រកាន់គោលជំហរ និងរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កើតបរិយាកាសល្អ ឈានទៅអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យមានប្រសិទ្ធភាពខ្ពស់។  

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្កេតឃើញថា មន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិល និងយោធា ធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ដោយយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងទាហានកម្ពុជាទាំង១៨រូប និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាប្រាសាទតាក្របីជាដើម ដោយព្រមានប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយក ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធី ។

កម្ពុជាបធិសេដចំពោះការអត្ថាធិប្បាយរបស់ថៃ ផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាង ការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយ សតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។ 

ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនោះទេ គឺនៅត្រង់ថារហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រយៈពេល១០ថ្ងៃហើយ ថៃមិនទាន់បានដោះលែងយោធិនកម្ពុជា១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹងត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានបង្អែបង្អង់ឡើយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យភាគីថៃគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមសេចក្ដីថ្លែងការណ៍រួម និងមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តនោះទេ ហើយភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក។ ដូច្នេះ វាមានសារសំខាន់ណាស់ដែល ភាគីទាំងពីរត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួមនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕