2025-11-07 14:48
5

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១២:០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូនក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេសដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ 

កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើងស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាននិងផ្ទៀងផ្ទាត់។

សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សានិងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។
ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យនិងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញ ទៅមក។