គូឡាឡាំពួ៖ យោងតាមការចុះផ្សាយរបស់ កាសែត The Star នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២៥នេះ បានរាយការណ៍ថា ម៉ាឡេស៊ី បានបង្ហាញការព្រមានចំពោះការ “ផ្អាក” ជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃជាមួយកម្ពុជា បន្ទាប់ពីឧបទ្ទវហេតុជាន់មីនដែលបានបង្កឱ្យទាហានថៃរងរបួសធ្ងន់ធ្ងរថ្មីៗនេះ នៅតំបន់ព្រំដែន កម្ពុជា-ថៃ។
កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា មានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ការផ្អាកនេះ បានធ្វើឱ្យទីក្រុងគូឡាឡាំពួ បង្ហាញការព្រួយបារម្ភថា “វាអាចនាំឱ្យភាពតានតឹង កម្ពុជា-ថៃ ឡើងកម្តៅដូចកាលពីមុន”។
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោក Mohd Nizam Jaffar បានថ្លែងនៅថ្ងៃអង្គារនេះថា “កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនអនុវត្តតាមទេ ស្ថានការណ៍អាចនឹងវិលទៅសភាពដើមវិញ”។
ពាក់ព័ន្ធនឹងការជាន់មីនដែលបង្កឱ្យទាហានថៃ បាត់បង់ជើងស្តាំម្ខាង លោក Nizam បានបញ្ជាក់ថា “យើងដឹងអំពីហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។ យ៉ាងណាត្រូវថ្មមសភាពការណ៍សិន ដើម្បីរកមូលហេតុពិតឲ្យឃើញ”។
ពាក់ព័ន្ធស្ថានការណ៍នេះ កំពុងបង្កការព្រួយបារម្ភអន្តរជាតិ ដោយសារកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការកាត់បន្ថយជម្លោះព្រំដែន និងស្ថាបនាសន្តិភាពយូរអង្វែងក្នុងតំបន់។
ពាក់ព័ន្ធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ថាបានដាក់មីនថ្មី បង្កឱ្យទាហានរបស់ខ្លួនដើរជាន់ផ្ទុះរងរបួស និងដាច់ជើងនោះ កម្ពុជា បានប្រកាសបដិសេធចោលទាំងស្រុងរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។






