ម៉ាឡេស៊ី បានប្រកាសថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំឱ្យកម្ពុជា និងថៃ ជួបជជែកពិភាក្សាគ្នា ដើម្បីរក្សាបទឈប់បាញ់ បន្ទាប់ពីកើតមានភាពតានតឹងឡើងវិញនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ការបញ្ជាក់នេះ តាមការរបាយដែលចេញផ្សាយដោយ កាសែត Bernama នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥។
លោកដាតូក សេរ៊ី មូហាមេដ ហាសាន់ Datuk Seri Mohamad Hasan ដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបង្ហាញថា កិច្ចពិភាក្សាអន្តរកម្ពុជា-ថៃ អាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ពីព្រោះកម្ពុជាបានស្នើសុំឱ្យប្រទេសម៉ាឡេស៊ីជួយរៀបចំកិច្ចពិភាក្សា ដែលគ្រោងនឹងប្រព្រឹត្តនៅទីក្រុងកូឡាឡាំពួរ។ ដូចគ្នានេះ ថៃក៏បានស្នើសុំឱ្យម៉ាឡេស៊ី បន្តខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថានភាពឲ្យស្ថិរភាព។
លោក Mohamad Hasan ថ្លែងថា៖ «ប្រសិនបើអាចទៅរួច កិច្ចជជែកគួរតែធ្វើនៅម៉ាឡេស៊ី ព្រោះប្រទេសទាំងពីរ បានបាត់បង់ទំនុកចិត្តលើគ្នា។ ពួកគេហៅមកយើងដោយផ្ទាល់ កម្ពុជាស្នើឱ្យមានកិច្ចជជែកនៅកូឡាឡាំពួរ ខណៈថៃក៏ស្នើឱ្យយើងជួយរក្សាបទឈប់បាញ់»។
អ្វីដែលធ្វើឱ្យមានភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា និងកើតកំដៅឡើងវិញ គឺដោយសារតែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសជាសាធារណរដ្ឋាភិបាលថៃ សម្រេច “ផ្អាកកិច្ចព្រមព្រៀងសន្តិភាព” និងវិធានការទាំងអស់ជាមួយកម្ពុជា បន្ទាប់ពីទាហានរបស់ខ្លួនបានដើរជាន់មីន នៅតំបន់ភ្នំទ្រព្យទល់មុខប្រាសាទព្រះវិហារ កន្លងទៅនេះ ដោយភាពីថៃបានអះអាង និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ថាបាន “បង្កប់ថ្មី”។
ប៉ុន្តែ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតឯករាជ្យច្បាស់លាស់ពីសំណាក់ភាគីថៃ ត្រូវបានកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង និងស្នើសុំឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានសាក្សីមហាអំណាចសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ជាប្រធានអាស៊ាន ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
ពាក់ព័ន្ធករណីទាហាថៃ ដើរល្បាតជាន់មីនផ្ទុះបណ្តាលឱ្យរងរបួស ក្នុងនោះទាហានម្នាក់ បានបាត់បង់ជើងស្តាំម្ខាងនៅតំបន់ព្រំដែននេះ គណៈកម្មាធិការសង្កេតការណ៍អាស៊ាន ហៅថា «AOT» នៅកម្ពុជា និងថៃ បានចេញរបាយការណ៍ថា “មីនដែលបណ្ដាលឲ្យរងរបួសនោះ មិនមែនជាមីនថ្មីទេ ប៉ុន្តែជាមីនចាស់ដែលនៅសល់តាំងពីអតីតសង្គ្រាម”។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំទើបតែជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងរក្សាសភាពស្ងប់ស្ងាត់ ហើយបន្តកិច្ចចរចាសន្តិភាព»៕





