2025-11-14 12:04
21

តាមការវិភាគថ្មីរបស់ សារព័ត៌មានជប៉ុន នីគី  អាស៊ាន «Nikkei Asia» បានបង្ហាញថា រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្ហាញនូវការផ្លាស់ប្ដូរការចូលរួមជាមួយកម្ពុជាទៅជាទិសដៅវិជ្ជមានបន្ថែម។

នៅខែមេសា សហរដ្ឋអាមេរិក បានដំណើរការការកើនពន្ធគយលើទំនិញពីកម្ពុជាទៅដល់ ៤៩% ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសទទួលរងផលប៉ះពាល់ច្រើនបំផុតលំដាប់ទីពីរ។ មន្ត្រីសេតវិមានម្នាក់នៅពេលនោះបានរិះគន់ថា “កម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់បំផុត ដែលចិនប្រើ ដើម្បីជៀសវាងពន្ធគយរបស់សហរដ្ឋអាមេរិក”
ទោះជាយ៉ាងណាទិសដៅនយោបាយបានឆ្ពោះទៅកាន់ការលូតលាស់វិជ្ជមាននៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ 

នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នៅកិច្ចប្រជុំកំពូលអាស៊ាន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលដាក់អត្រាពន្ធថ្មី ត្រឹមតែ ១៩% ធ្លាក់ចុះយ៉ាងច្រើនពីខែមេសា។ លុះក្រោយមក នៅថ្ងៃទី០៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ ( Marco Rubio )  បានប្រកាសលើកបម្រាមលក់សព្វាវុធទៅកាន់កម្ពុជា និងគ្រោងបន្តសមយុទ្ធយោធារួមកម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវបានខកខានអស់រយៈពេល ៨ ឆ្នាំ កន្លងមកហើយ ដោយសារកក្តាតានតឹងភូមិសាស្ត្រយោបាយក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានអះអាងថា “សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយ សម្ដេច ហ៊ុន ម៉ាណែត ដើម្បីជំរុញទស្សនវិស័យរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសេរី វិបុលភាព និងមានភាពធ្ងន់រឹងមាំ”។ លោកបន្ថែមថា រដ្ឋាភិបាលវ៉ាស៊ីនតោន កំពុងសហការជាមួយរដ្ឋបាលថ្មីរបស់កម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព និងបរិយាកាសវិនិយោគរបស់ប្រទេស ដោយរួមមានការរំផាត់ប្រតិបត្តិការលួចបោកប្រាស់តាមអ៊ីនធឺណិត ករណីទាក់ទងនឹងនយោបាយ និងការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការដោយសេរី។

អតីតនាយិកាការិយាល័យសន្តិសុខជាតិអាមេរិក សម្រាប់អាស៊ីបូព៌ា និងអូសេអានី លោកស្រី មីរ៉ា រ៉េប ហូបភឺ ( Mira Rapp-Hooper  ) បានថ្លែងប្រាប់ នីគី ( Nikkei ) ថា «ការទស្សនកិច្ចកម្រិតខ្ពស់មកកាន់កម្ពុជា ក្នុងឆ្នាំ២០២៤ រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ ល្លូឌ អាស្ទីន ( Lloyd Austin )  និងអ្នកគ្រប់គ្រង យូសេដ ( USAID  ) លោកស្រី សានម៉ានថា ផាវើ ( Samantha Power )  គឺជាសញ្ញាបង្ហាញពីការស្វែងរកឱកាសស្តារការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡើងវិញជាមួយកម្ពុជា»។

លោកស្រីបានថ្លែងទៀតថា «កម្ពុជា បច្ចុប្បន្ននេះ មានមេដឹកនាំម្នាក់ ដែល “សុខចិត្តធ្វើការប្រថុយប្រថានជាងមេដឹកនាំជំនាន់មុន និងអាចមានទស្សនៈបើកចំហខ្លាំងជាងមុន ក្នុងការធ្វើពិពិធកម្មភាពជាគូដៃគូក្រៅពីទិសដៅដែលឪពុករបស់លោកធ្លាប់យកចិត្តទុកដាក់»។

តាមការវិភាគដូចគ្នានេះ លោក ផាល ឆាមប៊ឺ (  Paul Chambers ) អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន អ៊ីស៊ី យូសុហ្វ អ៊ីសាក ( ISEAS–Yusof Ishak )  សិង្ហបុរី បានបញ្ជាក់ថា “ការចូលរួមវិជ្ជមានរបស់រដ្ឋបាល ត្រាំ ជាមួយកម្ពុជា បានចាប់ផ្តើមតាំងពីខែកុម្ភៈ”។ គាត់បានជម្រាបថា ចំពោះស្ថានភាពថ្មីនេះ បានផ្តល់ឱកាសឱ្យកម្ពុជា សម្របសម្រួលសម្ព័ន្ធភាពរវាងមហាអំណាចសេដ្ឋកិច្ចធំៗ និងអាចនិយាយបានថា “យ៉ាងហោចណាស់ សហរដ្ឋអាមេរិក ចង់ទប់ទល់ឥទ្ធិពលរបស់ចិននៅកម្ពុជា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកអត្ថប្រយោជន៍យុទ្ធសាស្ត្រលើប្រទេសចិននៅក្នុងតំបន់អាស៊ី”៕