2025-11-14 13:31
16

ថៃ៖ រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បាននិយាយថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា នៅតែអាចដោះស្រាយបានតាមរយៈការទូត បើទោះបីជាមានភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Thai PBS។

តាមរយៈការលើកឡើងពីរដ្ឋមន្រ្តីការបរទេសខាងលើ ថៃហាក់ចាប់ផ្ដើមបន្ទន់ឥរិយាបថរបស់ខ្លួនជាងមុន ក្រោយពីនាយករដ្ឋមន្រ្តី អានុទីន ទើបតែបានប្រកាសក្ដែងៗដោយគ្មានញញើតមាត់ថា ថៃនឹងមិនបើកតុចរចារជាមួយកម្ពុជាទៀតនោះទេ។ 

យោងតាមការថ្លែងទៅកាន់ Thai PBS ក្នុងបទសម្ភាសន៍មួយ លោក Sihasak បានទទួលស្គាល់ថា ការប្រឈមមុខដាក់គ្នាថ្មីរវាងប្រទេសទាំងពីរ គឺជាមូលហេតុនៃការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ប៉ុន្តែលោកជឿជាក់ថា សន្តិភាពអាចធ្វើទៅបានតាមរយៈការទូត។

រដ្ឋមន្ត្រីការបរទេសរូបនេះបន្តថា "ការប្រើប្រាស់កម្លាំងនឹងនាំឱ្យមានអំពើហិង្សា និងការបាត់បង់ដោយជៀសមិនរួច។ ការទូតគឺជាជម្រើសដ៏ល្អប្រសើរមួយដើម្បីសម្រេចបាននូវអ្វីដែលយើងចង់បាន។" 

លោក Sihasak បានបន្ថែមថា ប៉ុន្តែការទូតអាចធ្វើទៅបានលុះត្រាតែភាគីទាំងពីរត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយជជែកគ្នា។ លោក និយាយថា៖ «ក្នុងនាមជាអ្នកការទូត ខ្ញុំជឿថាសន្តិភាពគឺអាចទៅរួច ទោះបីជាមានការលំបាកនៅពេលនេះក៏ដោយ»៕