2025-11-14 13:35
16

ថៃ៖   សេដ្ឋវិទូថៃបានព្រមានពីការខូចខាតធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនថៃ-កម្ពុជា ចាប់ផ្តើមផ្ទុះឡើងវិញម្ដងទៀត បន្ទាប់ពីកត់សម្គាល់ពី ការនាំចេញ វិស័យទេសចរណ៍ និងទីផ្សារការងារបានធ្លាក់ចុះ ។ ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចថៃ ធ្វើឡើងបន្ទាប់ពីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាជាជនស៊ីវិលបណ្ដាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស៣នាក់ កាលពីថ្ងៃពុធទី១២ វិច្ឆិកា ២០២៥ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូនជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក Poonyawat Sreesing សេដ្ឋវិទូជាន់ខ្ពស់នៅ Siam Commercial Bank Economic Intelligence Center (EIC) និយាយថា ការនាំចេញរបស់ថៃមកកាន់កម្ពុជាប្រមាណ 130 ពាន់លានបាត នៃការនាំចេញសរុបរបស់ថៃនៅឆ្នាំក្រោយនេះ អាចត្រូវបានលុបចោល ប្រសិនបើភាពតានតឹងតំបន់ព្រំដែនត្រូវបានអូសបន្លាយ ។

លោកបន្តថា ក្នុងអំឡុងត្រីមាសទីបី ការនាំចេញរបស់ថៃមកកាន់កម្ពុជាបានធ្លាក់ចុះ 43% ហើយពីមួយឆ្នាំទៅមួយឆ្នាំ ទំហំពាណិជ្ជកម្មតាមព្រំដែនបានធ្លាក់ចុះជិត 100% ដោយសារតែការដឹកជញ្ជូនភាគច្រើន គឺធ្វើឡើងតាមផ្លូវអាកាស ឬផ្លូវសមុទ្រ។

ដោយឡែកវិស័យការងារ និងទេសចរណ៍ក៏អាចរងផលប៉ះពាល់ ប្រសិនបើភាពតានតឹងនៅតាមព្រំដែនតំបន់ជម្លោះកម្ពុជា-ថៃ បន្តកើនមានឡើងម្តងទៀត ។
កាសែតថៃដ៏ដែលបន្តថា៖ មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial (EIC) កត់សម្គាល់ថា ការផ្គត់ផ្គង់កម្លាំងពលកម្ម គឺស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារពលករកម្ពុជារហូតដល់ 500,000 នាក់ បានធ្វើការក្នុងប្រទេសថៃ ជាពិសេសក្នុងវិស័យកសិកម្ម មុនពេលជម្លោះព្រំដែនផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែចំនួនដ៏ច្រើននៃកំលាំងពលកម្មនេះ បានត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ក្រោយផ្ទុះជម្លោះកម្ពុជា-ថៃ។  ភ្លាមៗនោះរដ្ឋាភិបាលថៃបានស្វែងរកពលករពីប្រទេស ស្រីលង្កា រួមទាំងការពង្រីកទិដ្ឋាការសម្រាប់ជនចំណាកស្រុកមកពីមីយ៉ាន់ម៉ា វៀតណាម និងឡាវ ដើម្បីមកជំនួសកំលាំងពលកម្មកម្ពុជា។

លោកស្រី Nuttaporn Triratana sirikul នាយករងគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា ការនាំចេញរបស់ថៃមកកម្ពុជាមានចំនួន 1.6% នៃការនាំចេញសរុបរបស់ប្រទេសថៃតែប៉ុណ្ណោះ ទោះបីយ៉ាងណាចំនួនជាងពាក់កណ្តាលនៃការនាំចេញ បានធ្លាក់ចុះ ដោយសារតែការបិទច្រកព្រំដែន ហើយទំហំនៃការខូចខាតផលិតផលក្នុងស្រុកសរុបរបស់ថៃ ត្រូវបានគេប៉ាន់ប្រមាណថា 100 ពាន់លានបាត។ អ្នកស្រីបន្ថែម វិស័យទេសចរណ៍នៅភាគខាងត្បូងនៃតំបន់ភាគឦសាន រងផលប៉ះពាល់ផងដែរ ដោយសារអ្នកទេសចរណ៍មានទំនោរជៀសវាងតំបន់មានជម្លោះ ។  ការផ្ទុះជម្លោះឡើងវិញនាពេលថ្មីៗនេះ បានបង្កើតភាពមិនប្រាកដប្រជាយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំហំនៃផលប៉ះពាល់សរុបអាស្រ័យលើរយៈពេលនៃជម្លោះ ថាតើវានឹងបន្តរយៈពេលខ្លី ឬយូរអង្វែង៕