ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជម្រាបទៅកាន់ព្រះមហាក្សត្រថៃនាអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិន ក្នុងថ្ងៃសុក្រនេះថា ចិននឹងទិញអង្ករថៃចំនួន ៥០ ម៉ឺនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស្រុកថៃ Khaosod។
នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហើបឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida ដោយមានការទទួលស្វាគមន៍ពីប្រធានាធិបតីចិន ស៊ីន ជីនពីង ក្នុងទីក្រុងប៉េកាំងនោះ។ មេដឹកនាំកំពូលចិនរូបនេះ បានជូនដំណឹងដល់ព្រះមហាក្សត្រថៃថា ប្រទេសចិននឹងទិញអង្ករថៃចំនួន 500,000 តោន។
សូមជម្រាបឲ្យដឹងថា ជុំវិញការប្រកាសទិញដ៏ធំសម្បើមរបស់ចិនចំពោះអង្ករថៃនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីពេលកន្លងទៅ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ក្នុងជំនួបសេដ្ឋកិច្ច APEC លើកទី៣២ (AELW)។
ក្នុងនោះ តាមការចេញផ្សាយដោយកាសែតថៃ The Nation បានឲ្យដឹងថា លោក Anutin Charnvirakul បានរំលឹក លោ Xi ឲ្យបន្តកិច្ចព្រមព្រៀងនាំចេញអង្កររបស់ប្រទេសថៃចំនួន ៥០០,០០០ តោន។ ដោយនាយករដ្ឋមន្រ្តីថៃរូបនេះនិយាយថាទៅកាន់ លោក Xi ថា "កុំភ្លេចទិញអង្ករ" ។
លើសពីនេះ លោក Anutin ក៏បានឆ្លៀតប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់មួយរបស់គាត់ក្នុងជំនួបជាមួយ លោក Xi គឺជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករថៃចំនួន ៥០០,០០០ តោន ដើម្បីជួយបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសខ្លួន៕




