ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អតិថិជនដែលជាជនរងគ្រោះពីក្រុមហ៊ុន «ពិភពដីមាស» រាប់រយនាក់ បានលើកគ្នាចេញតវ៉ាទ្រង់ទ្រាយធំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វា ដោយនាំឱ្យមានការគាំងចរាចរយ៉ាងតឹងរ៉ឹង។
ការតវ៉ានេះកើតឡើង បន្ទាប់ពីការដោះស្រាយសងប្រាក់ពីសំណាក់ក្រុមហ៊ុនបានអូសបន្លាយយូរមកហើយ ដោយពលរដ្ឋជាច្រើនត្រូវការរកយុត្តិធម៌ និងទាមទារឲ្យសងប្រាក់វិញជាបន្ទាន់។
តាមព័ត៌មានដែលអតិថិជនបានបញ្ជាក់ ករណីនេះមានដើមកំណើតតាំងពីឆ្នាំ២០២៣ នៅពេលដែលអតីតឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស ត្រូវបានអាជ្ញាធរចាប់ខ្លួនប្រហែល៤ខែ។បន្ទាប់មក គាត់ត្រូវបានដោះលែងក្រោមលក្ខខណ្ឌជនរងគ្រោះផ្តិតមេដៃ ឲ្យមានឱកាសនៅក្រៅឃុំ ដើម្បីស្វែងរកប្រាក់សងអតិថិជនវិញ។
ទោះជាយ៉ាងណា រហូតដល់ពេលបច្ចុប្បន្ន អតីតឧកញ៉ា និងក្រុមហ៊ុនពាក់ព័ន្ធ មិនបានអនុវត្តតាមការសន្យាសងប្រាក់ដល់អតិថិជនទេ ដែលជាកត្តាធ្វើឲ្យមានការចេញតវ៉ាដ៏ធំបែបនេះឡើងវិញ៕





