បាត់ដំបង៖ ក្រុមការងារវាស់វែងចម្រុះកម្ពុជា និងថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជា-ថៃ បាន ១៥៧ បង្គោលស្មើនឹង ៩៥%។
តាមរបាយការណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះ ចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។
ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជានិងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ៕




