ភ្នំពេញ៖ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ ជាព្យុះទី២៧ឈ្មោះ ភូតូ(Koto)T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត ២០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានមានភ្លៀងធ្លាក់ទេ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕




