នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់គណៈប្រតិភូ នៃប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានសម្តែងការចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាល និង ប្រជាជនវៀតណាម ចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាម ដែលបណ្តាលមកពីគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ដោយការពេញចិត្ត និងរីករាយចំពោះវឌ្ឍនភាពដ៏ល្អ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំង បាន លេីកទឹកចិត្តដល់ក្រសួង -ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព និង វិបុលភាព។
សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាអំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, អប់រំ, សុខាភិបាល, វប្បធម៌, ទេសចរណ៍, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕







