2025-12-02 11:43
6

កណ្តាល៖ យុវតីវ័យ១៤ឆ្នាំម្នាក់ ត្រូវបានយុវជន ០២នាក់ រៀបចំគម្រោងលួងលោមប្រឡោមស្នេហ៍នាំយកទៅរំលោភក្នុងបន្ទប់ជួលបានសម្រេច ០១ លើក និងប៉ុនប៉ងរំលោភម្តងទៀត ប៉ុន្តែត្រូវម្តាយនារីរងគ្រោះតាមទាន់ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។

តាមប្រភពបានរាយការណ៍ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា វេលាម៉ោង ០០និង០៥នាទី ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យុវតីម្នាក់ មានឈ្មោះ «វ.រ.ក.» អាយុ១៤ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ជាកម្មការនីរោងចក្រ ត្រូវបានយុវជន ០២នាក់ ជាមនុស្សស្គាល់គ្នា ព្យាយាមលួងលោមប្រឡោមស្នេហ៍ រួចនាំនាងទៅលេងបន្ទប់ទាំងយប់ ក្នុងនោះយុវជនម្នាក់ បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច ១លើក ដោយមានម្នាក់ជាអ្នកយាមផ្លូវ។

តាមរបាយការណ៍ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យក្នុងអំពើរំលោភសេពសន្ថវៈលើអនីតិជនខាងលើ មានឈ្មោះ យ៉ត គីមឡៃ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ស្នាក់នៅផ្ទះជួលភូមិកំពង់ទួល ឃុំអន្លង់រមៀត និងម្នាក់ទៀត ឈ្មោះ សល់ វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ស្នាក់នៅរោងចក្រផលិតបារី ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង។ វត្ថុតាងដកហូតមានទូរសព្ទចំនួន ០២ គ្រឿង។

មុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១និង០០នាទីយប់ យុវតីរងគ្រោះកំពុងតែអង្គុយលេងទូរសព្ទក្នុងបន្ទប់តែម្នាក់ឯង ស្រាប់តែជនសង្ស័យពីរនាក់ខាងលើមកគោះទ្វារបន្ទប់របស់ខ្លួន។ 

ភ្លាមនោះ ជនសង្ស័យបានហៅនាងឱ្យចេញក្រៅបន្ទប់ដើម្បីនិយាយគ្នាលេង ចំណែកជនសង្ស័យម្នាក់ឈ្មោះ យ៉ត គឹមឡៃ ក៏បានដើរទៅបន្ទប់របស់ខ្លួនមុនបាត់ទៅ ដោយទុកឲ្យជនសង្ស័យម្នាក់ទៀត ឈ្មោះ សល់ វីរះ នៅនិយាយលួងលោមក្នុងន័យស្នេហា រួចក៏បបួលនាងទៅលេងបន្ទប់ពួកគេស្នាក់នៅក្បែរគ្នាតែម្ដង។

ប្រភពបានឱ្យដឹងទៀតថា ពេលនារីរងគ្រោះទៅដល់បន្ទប់ជនសង្ស័យ ឈ្មោះ សល់ វិរះ បានដេញឱ្យឈ្មោះ យ៉ត គឹមឡៃ ទៅចាំមើលផ្លូវក្រៅបន្ទប់ និងបានឱ្យក្មេងស្រីរងគ្រោះចូលទៅងូតទឹករួចក៏ចាប់ធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ យ៉ត គឹមឡៃ ក៏បានចូលក្នុងបន្ទប់បម្រុងធ្វើសកម្មភាពរំលោភលើនារីរងគ្រោះបន្តទៀត តែសំណាងល្អ ដោយម្ដាយនារីខាងលើ ផ្អើលបាត់កូនស្រីមិនឃើញក៏មកគោះទ្វារបន្ទប់របស់ជនសង្ស័យទាំងពីរ ហើយក៏ប្រទះឃើញកូនស្រីរបស់ខ្លួននៅក្នុងបន្ទប់ជាមួយនឹងជនសង្ស័យ។

យ៉ាងណាវិញ ក្រោយកើតហេតុម្ដាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ឱ្យឃាត់ខ្លួនយុវជនទាំងពីរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕