2025-12-02 13:20
11

តៃប៉ិ ៖   តៃវ៉ាននិងចាប់ផ្តើមសាកល្បងហោះហើរយន្តហោះចម្បាំង F-16V  នៅខែក្នុងធ្នូនេះ ជាអ្វីដែលតៃវ៉ាន់ទន្ទឹងរង់ចាំជាយូរមកហើយ និងជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កោះតៃវ៉ាន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន នេះបើយោងតាមលោក Lee Ching-jan ប្រធានសេនាធិការកងទ័ពអាកាសតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូនេះ។

យន្តហោះចម្បាំងចំនួន៦៦គ្រឿង មានតម្លៃ៨ពាន់លានដុល្លារអាមេរិក ដោយត្រូវបានអនុម័តក្នុងអាណត្តិទីមួយរបស់លោក ត្រាំ ក្នុងឆ្នាំ២០១៩ ហើយកំណត់គោលដៅដឹកជញ្ជូនតំណាក់កាលដំបូងក្នុងឆ្នាំ២០២៦។

ការធ្វើតេស្តហោះហើរយន្តហោះចម្បាំងម៉ូដែលថ្មីនេះ នឹងត្រូវបានចាប់ផ្តើមឡើង ក្នុងខែធ្នូ លឿងជាងការគ្រោងទុកទៅទៀត បច្ចុប្បន្ននេះមានយន្តហោះចំនួន ៥៤ គ្រឿងក្នុងចំណោម 66 គ្រឿង ដែលកំពុងតែចូលក្នុងខ្សែសង្វាក់ផលិតកម្ម។

រដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo បានព្រមានកាលពីខែមុននេះថា ការផ្ទេរយន្តហោះពេញលេញនៅចុងឆ្នាំ នៅតែជាបញ្ហាប្រឈម ព្រោះតែបញ្ហាកកស្ទះជាបន្តបន្ទាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ បញ្ហាទាំងនេះ រួមមានការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលផ្គត់ផ្គង់គ្រឿងបន្លាស់ មិនត្រឹមតែប៉ះពាល់ដល់តៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងអ្នកទិញផ្សេងៗទៀត រួមមាន៖  បារ៉ែន ស្លូវ៉ាគី និងប៊ុលហ្គារីផងដែរ។  បើតាមការវាយតម្លៃ យន្តហោះត្រឹមតែប្រហែល ១០ គ្រឿងប៉ុណ្ណោះ ដែលអាចបញ្ចប់ការផ្គុំ និងការធ្វើតេស្តបានមុនចុងឆ្នាំ២០២៥នេះ ខណៈដែលយន្តហោះទទួលបានលើកដំបូងនេះត្រូវបានព្យាករថា អាចនឹងមកដល់នៅដើមឆ្នាំ២០២៦ តាមរយៈជើងហោះហើរឆ្លងកាត់ប៉ាស៊ីហ្វិក យន្ដហោះដឹកប្រេងក្នុងអាកាសរបស់សហរដ្ឋអាមេរិក។

យន្តហោះនៅសល់ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនតាមដំណាក់កាល រហូតដល់ឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨។ ការពន្យារពេលនេះ បានជំរុញឱ្យតៃវ៉ាន់ពង្រីកអាយុកាលសេវាកម្មរបស់កងយន្តហោះ Mirage 2000 ជាបណ្តោះអាសន្នសិន។

ពេលនេះតៃវ៉ាន់កំពុងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធរបស់ចិន បន្ទាប់ពីទីក្រុងប៉េកាំងអះអាងថាកោះនេះជាផ្នែកមួយនៃទឹកដីចិន និងបានគំរាមប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះបន្ថែមទៀត។ យន្តហោះចម្បាំង F-16V  ជាយន្តហោះចម្បាំងពហុតួនាទីជំនាន់ទី៤ ក្នុងការធ្វើទំនើបកម្មនេះជំនួស យន្តហោះចម្បាំង F-16 A/B ជំនាន់ចាស់ៗរបស់តៃវ៉ាន់ ។ តៃវ៉ាន់បានបញ្ចប់ការធ្វើទំនើបកម្មរួចរាល់លើយន្តហោះចម្បាំង F-16 ស៊េរីចាស់ៗចំនួន 141 គ្រឿង ស្របតាមតាមស្តង់ដារ V នៅចុងឆ្នាំ 2023 ។

សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់តៃវ៉ាន់។
អាមេរិចបានលក់អាវុធរាប់ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់  រួមទាំងយន្តហោះចម្បាំង មីស៊ីល និងនាវាចម្បាំង  ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អាមេរិច ក្នុងការជួយកោះនេះដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ពីការម្រាមគំហែងពីចិន នេះបើតាម AFP ៕