2025-12-02 14:27
6

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការីដែលបានជួបសម្ដែងការគួរសមនាពេលនេះ។ សម្តេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា នឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ សម្តេចបានសម្ដែងនូវក្តីរីករាយផងដែរចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មីក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្តមបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។

ឯកឧត្តមសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ជាពិសេសឯកឧត្តមនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។ 

ឯកឧត្តមក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែកនយោបាយ និងការទូតរវាងកាណាដា និងកម្ពុជា។ 

ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។

សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដាក៏បានសម្ដែងនូវក្តីអរគុណចំពោះសម្តេចតេជោសារជាថ្មី ជាពិសេសឯកឧត្តមចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ ឯកឧត្តមមិនមែនចាប់អារម្មណ៍តែពេលនេះនោះទេ គឺឯកឧត្តមបានចាប់អារម្មណ៍តាំងពីពេលដែលឯកឧត្តមនៅកាណាដាមកម៉្លេះ ហើយឯកឧត្តមបានសិក្សាអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោផងដែរ។ 

ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀត ឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថានៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតពីអ្នកវិនិយោគកាណាដាឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាសូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕