2025-12-02 16:48
3

ប៉េកាំង ៖   ឆ្មាំសមុទ្រ ចិន និងជប៉ុន បានប៉ះទង្គេចគ្នាមួយប្រាវ ភាគីម្ខាងៗចោទប្រកាន់គ្នាទៅវិញទៅមក ថាបំពានដែនសមុទ្ររៀងខ្លួនៗ  ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២ ខែធ្នូនេះ ស្ថិតនៅក្បែកោះសេនកាគុ ជាកោះមានជម្លោះអន្តរជាតិ។ នេះជាសញ្ញាបង្ហាញ ប្រកាសអាសន្ន រវាងទីក្រុងប៉េកាំង និងតូក្យូ ដើរដល់ចំនុចមាត់ជ្រោះសង្រ្គាមប្រដាប់អាវុធ បន្ទាប់ពីមានជម្លោះការទូត បាញ់ផ្លោងពាក្យសំដី មិនខ្ចីញញើតគ្នាកន្លងមកនោះ ។ 

ឆ្មាំសមុទ្រចិនបាននិយាយថា នាវានេសាទជប៉ុនបានចូលទៅក្នុងដែនទឹកនៃកោះសេនកាគុដោយខុសច្បាប់ ដែលទីក្រុងប៉េកាំងហៅថាកោះឌៀវយូ ត្រូវបានឆ្មាំសមុទ្រចិនបណ្តេញចេញ ដោយបានអះអាងថាកោះនេះ ជាទឹកដីរបស់ប្រទេសចិន ។

អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក លីវ ដេជុន និយាយថា នាវានេសាទជប៉ុនមួយគ្រឿង “បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិនដោយខុសច្បាប់”។ លោក Liu បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ឆ្មាំសមុទ្រចិនថា “នាវាឆ្មាំសមុទ្រចិនបានចាត់វិធានការត្រួតពិនិត្យចាំបាច់ និងបានធ្វើការព្រមានដើម្បីបណ្តេញនាវានេសាទជប៉ុនចេញភ្លាមៗ  ។ ឆ្មាំសមុទ្រចិន នឹងបន្តធ្វើសកម្មភាពការពារសិទ្ធិ និងអនុវត្តច្បាប់នៅក្នុងដែនទឹកជុំវិញកោះ Diaoyu (កោះឌៀវយូ)  ដោយការពារអធិបតេយ្យភាពទឹកដីជាតិ និងសិទ្ធិសមុទ្រយ៉ាងម៉ឺងម៉ាត់”។

ដោយឡែកឆ្មាំសមុទ្រជប៉ុន បានអះអាងស្រដៀងគ្នានេះថា ខ្លួនបានស្ទាក់ចាប់ និងបណ្តេញនាវាឆ្មាំសមុទ្រចិនពីរគ្រឿង នៅពេលដែលពួកគេបានចូលទៅជិត នាវានេសាទរបស់ខ្លួន នៅព្រឹកព្រលឹមថ្ងៃទី២ ខែធ្នូនេះ ។

ជម្លោះការទូតរវាងចិន និងជប៉ុនកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅថា ការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ និងធ្វើឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូភ្លាមៗ។ ដែលចិនអះអាងថា តៃវ៉ាន់ផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះប្រជាធិបតេយ្យនេះឡើយ។

ទីក្រុងប៉េកាំងបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ហើយព្រឹត្តិការណ៍វប្បធម៌មួយចំនួនត្រូវបានលុបចោល  រួមទាំងការផ្អាកការសម្តែងរបស់តារាចម្រៀងជប៉ុន Ayumi Hamasaki នៅទីក្រុងសៀងហៃ ក្នុងថ្ងៃទី 28 ខែវិច្ឆិកាផងដែរ  និងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនបន្ថែមទៀត ។ ប៉ុន្តែរហូតមកដល់ពេលនេះចិនមិនបានបញ្ឈប់ការដាក់ចេញវិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរជាងនេះទេ ដូចជាការទប់ស្កាត់ការនាំចេញលោហធាតុដ៏កម្រជាដើម ៕