2025-12-02 18:27
4

ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា៖ “គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ”។

សម្តេច ម៉ែន សំអន បានថ្លែងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយ និងអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព នគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ និងការពារជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណនិងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ 

ព្រះរាជអំណោយ និងអំណោយ ដែលចែកជូនដល់គ្រួសារកងទ័ពកងពលតូចអន្តរាគមន៍លេខ៩ នាថ្ងៃនេះ ទទួលបានមកពីការសព្វព្រះហឬទ័យប្រទាន របស់ សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី និងចូលរួមឧបត្ថម្ភរបស់អនុប្រធានទី២ ព្រឹទ្ធសភា គណៈកម្មការទី៨ ព្រឹទ្ធសភា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុមហ៊ុន ស៊ីបកូ (SIPCO) ក្រុមហ៊ុនវឌ្ឍនៈ ក្រុមហ៊ុនជីបម៉ុង លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាច្រើនទៀត៕