2025-12-03 08:38
50

ឧត្តមានជ័យ៖ អគ្គនាយកអង្គភាព «ស៊ីម៉ាក់» លោក ហេង រតនា បានបញ្ជាក់នៅយប់ថ្ងៃអង្គារនេះថា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោម ចំនួន ២៥ គ្រាប់ ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥មម។ 

លោក ហេង រតនា បានបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗ ចំនួន ០៣ ទៀត ត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖ ១. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី។ ២. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា និង ទី៣. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។

សូមឆ្លៀតឱកាសនេះ អគ្គនាយកស៊ីម៉ាក់ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ 
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារ៉ាអាយុ១០ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់ និងឪពុករងរបួសធ្ងន់ធ្ងរ៕