2025-12-03 19:46
5

ភ្នំពេញ៖ មន្រ្តីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យ ករណី ធ្លាយឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រ ផលិតទឹកកក «ឆេង សុភារី» ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ករណីនេះ មន្រ្តីជំនាញក្រសួងបរិស្ថាន រកឃើញថា រោងចក្របានបញ្ចេញក្លិនអាក្រក់ (ឧស្ម័នអាម៉ូញាក់) បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ គឺល្មើសនឹងមាត្រា ១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការវាស់កំហាប់ឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រ ឃើញកម្រិតកំហាប់អាម៉ូញាក់ (NH3) ចំនួន 1.0 mg/m3 (ស្តង់ដារចំនួន 0.2 mg/m3) គឺល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះរោងចក្រដែលបានប្រព្រឹត្តល្មើស អនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបានតម្រូវឲ្យរោងចក្រ ធ្វើការតាមដានលើប្រព័ន្ធស្តុក និងបំពង់បង្ហូរឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ជាប្រចាំ ដើម្បីចៀសវាងបង្កបញ្ហាលេចធ្លាយសារធាតុអាម៉ូញាក់ជាលើកទី២ទៀត។ ជាមួយគ្នានេះ រោងចក្រត្រូវស្នើសុំលិខិតបញ្ជាក់គុណភាពខ្យល់នៅក្នុងអគាររបស់រោងចក្រ ឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕