2025-12-04 14:34
2

ក្រោយបានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជា នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ កាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះ កីឡាការិនី វ៉ាន់ បូរី ទទួលបានឱកាសនេះសាជាថ្មី តែក្នុងនាមជាសមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ។

យុវតីមានប្រភពមកពីស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងប្រកួតក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។ នាងថា មានអារម្មណ៍ភ័យៗខ្លះដែរ ដោយសារតែនេះ ជាការបង្ហាញខ្លួនលើកដំបូងក្នុងប្រភេទកីឡាតេក្វាន់ដូ នៅស៊ីហ្គេម តែថា “នឹងប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព”។ នេះបើបើយោងតាមការបញ្ជាក់របស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា - National Olympic Committee of Cambodia។

ដោយសារតែធ្លាប់លេងកីឡាបាល់ទះនៅកម្រិតវិទ្យាល័យ និងមានសមត្ថភាពល្អផងនោះ កីឡាការិនី វ៉ាន់ បូរី បានជាប់ជម្រើសជាតិបាល់ទះនារីក្នុងឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែ ក្រោយចប់យុទ្ធនាការនាពេលនោះ នាងបានវិលមកចាប់កីឡាតេក្វាន់ដូវិញម្ដង និងមានឱកាសជាប់ជម្រើសជាតិចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង ដោយធ្លាប់ទៅប្រកួតសាកលវិទ្យាល័យពិភពលោកនៅអាល្លឺម៉ង់ និងនៅប្រទេសវៀតណាមថ្មីៗនេះ។

កីឡាការិនី វ៉ាន់ បូរី បានសូមការគាំទ្រពីប្រជាជនខ្មែរចំពោះការទៅប្រកួតនាពេលខាងមុខ។ នាងក៏លើកទឹកចិត្តដល់មហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីសុខភាពល្អ រាងកាយរឹងមាំ ហើយជាពិសេសកីឡាតេក្វាន់ដូក៏ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ៕