ស្វាយរៀង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកស្រាវជ្រាវ និងស៊ើបអង្កេត ព្រមទាំងតាមដានយ៉ាងម៉ត់ចត់ អំពីក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងការចាប់មនុស្សបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ០៨ នាក់ ក្នុងនោះមានជនជាតិចិន ០២ នាក់ និងជនជាតិភូមា ០៦ នាក់។
ក្នុងអំឡុងប្រតិបត្តិការ សមត្ថកិច្ចបានរំដោះជនរងគ្រោះ ចំនួន ០៦ នាក់ បានដោយសុវត្ថិភាព ដែលសុទ្ធតែជាជនជាតិចិន កំពុងត្រូវគេបង្ខាំង បំពាន និងជំរិតទាប្រាក់។
ក្រៅពីនេះ កម្លាំងនគរបាល ក៏បានដកហូតរថយន្តមួយគ្រឿង ដែលត្រូវបានប្រើសម្រាប់ដឹកជញ្ជូន និងធ្វើសកម្មភាពឧក្រិដ្ឋកម្ម ព្រមទាំងដកហូតវត្ថុតាងជាមធ្យោបាយធ្វើទារុណកម្មជនរងគ្រោះមួយចំនួនផងដែរ។
នាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ដើម្បីឈានដល់ចាប់ខ្លួនបក្ខពួកក្រុមជនសង្ស័យដែលសេសសល់បន្ថែមទៀត និងបង្ហាញបណ្តាញដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ។ សមត្ថកិច្ចបញ្ជាក់ថា ពួកគេនឹងបន្តអនុវត្តវិធានការមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មផ្នែក “ចាប់មនុស្សបង្ខាំងទារប្រាក់” ដែលកំពុងកើតមានជាយថាហេតុនៅតាមតំបន់ព្រំដែន។
សម្រាប់ជនសង្ស័យទាំង៨នាក់ កំពុងត្រូវសមត្ថកិច្ចធ្វើការស៊ើបអង្កេតបន្ថែម និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើជំនួញនៅតំបន់ព្រំដែន ប្រុងប្រយ័ត្នបន្ថែម ហើយរបាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើមានការសង្ស័យឃើញសកម្មភាពបង្ខាំង ការបោកប្រាស់ ឬបទល្មើសដទៃទៀត ដើម្បីមានវិធានការបន្ទាន់៕




