2023-06-30 11:06
371

 

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា “ក្នុងឆ្នាំនេះកម្មពិធីជាតិធំចំនួន ០២ត្រូវរៀបចំធ្វើឱ្យធំបន្ទាប់ពីការខកខានកាលពីឆ្នាំទៅ គឺ ព្រះរាជពិធីបុណ្យអុំទូក និងព្រះរាជពិធីបុណ្យឯករាជ្យ ខួបលើកទី៧០ នៅរាជធានីភ្នំពេញ”។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរៀបចំព្រះរាជពិធីជាតិ ចំនួន ០២ នឹងរៀបចំឱ្យបានធំនេះ ក្នុងឱកាសដែលសម្តេចតេជោអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ៦ ៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនឹងរៀបចំធ្វើឱ្យធំជាមួយព្រះរាជពិធីបុណ្យឯករាជ្យ ត្រូវប្រារព្វធ្វើនៅរាជធានីភ្នំពេញ”។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា “កាលពីឆ្នាំទៅអត់បានរៀបចំធ្វើនោះទេ ព្រោះរាជរដ្ឋាភិបាលជាប់រវុលប្រជុំអាស៊ាន ដែលមានប្រតិភូអាស៊ាន និងប្រតិភូអត្តរជាតិអញ្ជើញចូលរួមជាច្រើន”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា “កម្ពុជាឆ្នាំនេះមានរៀបចំកម្មវិធីធំៗច្រើនណាស់ប្រកបដោយភាពជោគជ័យ ដូចជា៖ ការប្រកួតកីឡាស៊ីហ្គេមក៏ធំ អាស៊ានប៉ារ៉ាហ្គេមក៏ធំ អង្គសង្ក្រានក៏ធំ ប៉ុន្តែបែរជាមានក្រុមជ្រុលនិយមមួយក្តាប់វាយប្រហារទាំងទទឹងទិស និងគ្មានហេតុផលសមរម្យ”។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ៦,៨៦៨ នាក់ មកពីរោងចក្រសហគ្រាស ចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ ដែលជំនួបថ្ងៃនេះ គឺជា ជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មកហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់ចាប់ពីថ្ងៃទី២៧ ខែកក្កដាបន្តទៀត។
សូមបញ្ជាក់ថា រោងចក្រទាំង១០ ដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលនាពេលនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣ ,ផលិតគ្រឿងអេឡិចត្រូនិច ចំនួន ៥ ,ដំឡើងរថយន្ត ចំនួន ១ និងផលិតផលកសិកម្ម ចំនួន ១។ នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រសហគ្រាស ចំនួន ២០៩ មមមានកម្មករនិយោជិតប្រមាណមួយម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យម សរុបប្រមាណ ៣១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន ៣ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារក្នុងមួយឆ្នាំហើយខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនក្នុងវិស័យកាត់ដេររួមទាំងកម្មន្តសាលស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ល។